កិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ធ្វើដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?
ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនឯកជនខ្លះទទួលបានការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋរហូត ឯខ្លះទៀតមិនទទួលបានសោះ។ ហើយឆ្ងល់ទេ ថាក្រុមហ៊ុនទាំងនោះត្រូវធ្វើដូចម្ដេចខ្លះទើបអាចទទួលការងារពីរដ្ឋបាន។ ការងារទាំងនេះហៅថា លទ្ធកម្មសាធារណៈ។
តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ហើយដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?
ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ (ឬឯកជន) ស្វែងរកអ្នកមកធ្វើការងារណាមួយឱ្យ។ ការងារនោះអាចជា ការទិញ ឬជួលផលិតផល និងការផ្ដល់សេវាកម្មជាដើម។ ឧទាហរណ៍ រដ្ឋចង់រកក្រុមហ៊ុនមកសាងសង់ផ្លូវជាតិ វិធីដែលរដ្ឋស្វែងរកក្រុមហ៊ុនហៅថា រដ្ឋធ្វើលទ្ធកម្ម។
ដូច្នេះ សរុបពាក្យថា កិច្ចសន្យាលទ្ធកម្មសាធារណៈ គឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដែលមានដៃគូម្ខាងជារដ្ឋ និងម្ខាងទៀតជារដ្ឋ ឬឯកជន ក្នុងធ្វើការងារណាមួយ ដែលអាចជាការទិញទំនិញ ឬផ្ដល់សេវាកម្ម។
កិច្ចសន្យាលទ្ធកម្មសាធារណៈ អាចធ្វើបានតាមច្រើនវិធី តែភាគច្រើនគឺធ្វើតាមរយៈការដេញថ្លៃ ដោយរដ្ឋអាចបើកដេញថ្លៃជាសាធារណៈ ឬដេញថ្លៃមិនមែនជាសាធារណៈ។
ប៉ុន្តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ភាគច្រើនគឺបើកឱ្យដេញថ្លៃប្រកួតប្រជែងជាសាធារណៈ ព្រោះមានតម្លាភាពខ្ពស់។
ដូច្នេះ សម្រាប់ក្រុមហ៊ុនសាងសង់ទាំងអស់ដែលចាប់អារម្មណ៍ចង់ដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក្រុមហ៊ុននោះត្រូវទៅសុំចុះបញ្ជីបញ្ជាក់អ្នកទទួលការសាងសង់ នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមុនសិន។
ទាក់ទិននឹងការចុះបញ្ជីនេះទៀតសោត ក្រុមហ៊ុនអាចចុះបញ្ជីបាន ៣ប្រភេទ អាស្រ័យលើលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនផ្ទាល់។ ប្រភេទទាំង ៣ រួមមាន ប្រភេទតូច (មានសិទ្ធិដេញថ្លៃគម្រោងតម្លៃតិចជាង ៥០០ លានរៀល) ប្រភេទមធ្យម (តម្លៃមិនលើសពី ៣០០០ លានរៀល) និងប្រភេទធំ (មិនកំណត់តម្លៃគម្រោង)។
លើសពីនេះ ការដេញថ្លៃជាសាធារណៈក៏បែងចែកជា ២ ប្រភេទធំៗផង គឺកម្រិតអន្តរជាតិ (តម្លៃគម្រោងចាប់ពី ៦០០០ លានរៀលឡើងទៅ) និងកម្រិតក្នុងស្រុក (ទំហំតម្លៃគម្រោងចាប់ពី ១០០លានរៀល ដល់ ៦០០០លានរៀល)។
បញ្ជាក់៖ នីតីវិធីនៃកិច្ចសន្យាលទ្ធកម្មសាធារណៈ គឺមានលក្ខណៈស្មុគស្មាញ និងវែងឆ្ងាយជាងនេះ ដែលអាស្រ័យលើប្រភេទគម្រោង ម្ចាស់ជំនួយ និងកត្តាផ្សេងៗទៀតជាច្រើន។ ដូច្នេះ គោលបំណងនៃអត្ថបទ មិនមែនជាការពន្យល់តាមផ្លូវច្បាប់ឡើយ តែគ្រាន់តែបកស្រាយខ្លីៗត្រួសៗជាភាសាសាមញ្ញ ដើម្បីឱ្យយល់ថាអ្វីទៅជាកិច្ចសន្យាលទ្ធកម្មសាធារណៈប៉ុណ្ណោះ។

