កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។

គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។

ទំនប់នេះត្រូវបានសិក្សាមួយរយៈហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូងប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែជាក់ស្ដែងកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទឹកប្រាក់ ២៣១ លានដុល្លារ។ (អានបន្ថែម និងបន្ថែម)

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការដោះមីននៅលើទីតាំងគម្រោង ត្រូវបានធ្វើបណ្តើរៗហើយ។

លោកបន្តថា គម្រោងសាងសង់នេះ គឺធ្វើតាមផែនការ បើទោះបីជាមានវិបត្តិកូវីដ១៩ ក៏ដោយ ហើយក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជានឹងទិញថាមពលពីក្រុមហ៊ុនក្នុងតម្លៃ ០.០៧ដុល្លារ/គីឡូវ៉ាតម៉ោង។

គួរបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់បច្ចុប្បន្នមានទំនប់វារីអគ្គិសនីមួយកន្លែង គឺទំនប់អាតៃ អនុភាព ១២០មេហ្គាវ៉ាត ដែលកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ។ ដូច្នេះទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ដែលកំពុងសាងសង់នេះ នឹងក្លាយជាទំនប់ទី ២ ក្នុងខេត្តនេះ។

ក្រៅពីវារីអគ្គិសនី ក៏មានគម្រោងថាមពលសូឡាចំនួន ២ កន្លែង ដែលកំពុងសាងសង់ក្នុងខេត្តនេះផងដែរ រួមមាន គម្រោងសូឡា ៦០មេហ្គាវ៉ាត (គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០) និងគម្រោងសូឡា ៣០មេហ្គាវ៉ាត (គ្រោងសាងសង់នៅឆ្នាំ២០២១)។

- Video Advertisement -