កូរ៉េបង្ហាញរបកគំហើញថ្មី ធ្វើឱ្យបេតុងអាចបង្កើត និងស្ដុកអគ្គិសនីខ្លួនឯងបាន
ក្រុមវិស្វករមកពីសាកលវិទ្យាល័យធំៗ៣ របស់កូរ៉េខាងត្បូង ( Incheon National University , Kyung Hee University និង Korea University) ថ្មីៗនេះ បានបង្ហាញរបកគំហើញថ្មី គឺស៊ីម៉ង់ត៍ពិសេស ឬ cement-based composite ដែលនឹងធ្វើឱ្យផ្ទៃបេតុងនៃអគារនានា អាចបង្កើត និងផ្ទុកថាមពលអគ្គិសនីបាន។
បើតាមការរចុះផ្សាយរបស់ Global Construction Review ការបង្កើតថាមពលនេះ នឹងធ្វើឡើងតាមរយៈប្រភពថាមពលមេកានិចខាងក្រៅដូចជា ការដើរជាន់ ខ្យល់ ភ្លៀង និងកំលាំងរលក ជាដើម។ ខណៈ សមាសធាតុសរសៃកាបូននៅក្នុងស៊ីម៉ង់ត៍នឹងដើរតួជា triboelectric nanogenerator (TENG) ឬជាកន្លែងស្ដុកថាមពល។
ក្រុមវិស្វករជឿជាក់ថា របកគំហើញថ្មីនេះនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានបង្កើតចេញពីការដ្ឋានសាងសង់បានមួយចំណែកធំ។ ដោយឡែក វិស្វករបានបញ្ជាក់ទៀតថា ទោះផ្ទៃបេតុងផ្ទុកអគ្គិសីនីក្ដី អ្នកសាងសង់ និងអ្នកប្រើប្រាស់ នឹងមិនមានគ្រោះថ្នាក់ពីការឆក់ចរន្តអគ្គិសនីទេ ព្រោះផ្ទៃ carbon fibre ដែលប្រើហ៊ុនព័ន្ធចរន្តគឺក្រាស់ល្មម ខណៈចរន្តក្នុងបេតុងក៏មានកម្រិតហ្វ្រេកង់ទាប ដែលមិនអាចឆកមនុស្សបានទេ។

