កូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។

កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។

ទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក នេះនឹងត្រូវប្រើសម្រាប់គម្រោងអទិភាព ដែលភាគីទាំង២ នឹងពិភាក្សាសម្រេចថានឹងប្រើលើគម្រោងណាជាក់ច្បាស់ នៅក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ នាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។

ដោយឡែក សម្រាប់កម្ចីវិញ គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន កូរ៉េបានផ្តល់កម្ចសីសរុបប្រមាណជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ២៦ គម្រោង។

ទំហំឥណទាននេះ បានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពី ចិន និងប្រទេសជប៉ុន៕

- Video Advertisement -