កូវីដ១៩ ប៉ះពាល់ខ្លាំងគួរសមលើវិស័យអាកាសចរណ៍កម្ពុជា

ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា វិស័យអាកាសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំងការប៉ះពាល់ដំណើរការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញតាមជើងហោះហើរ និងការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស។

នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តមលើកឡើងថា “បើតាមស្ថិតិនៅក្នុងខែមករា ចំនួនអ្នកធ្វើដំណើរបានថយចុះជាង២០%។ ដោយឡែក ទន្ទឹមនឹងមានវិធានការបិទជើងហោះហើរនានាផងនោះ ខែកុម្ភៈ មានការធ្លាក់ចុះចំនួនជាង៥០%។ ឯចំនួនអ្នកធ្វើដំណើរបានបន្តធ្លាក់ចុះមកជាង៧០%។ និងខែមេសានេះ ដោយគិតត្រឹមថ្ងៃទី០៤ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០% ដោយមិនដឹងថាទៅមុខទៀតនឹងថយចុះយ៉ាងណាទៀតទេ។”

ក្រៅពីប៉ះពាល់ដល់អ្នកធ្វើដំណើរ ការរាតត្បាតជំងឺកូវីដ១៩នេះ ក៏បង្កឱ្យមានភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។
ឯកឧត្តមបានពន្យល់ថា ពេលនេះការដឹកជញ្ជូនទំនិញកំពុងជួបប្រទះការលំបាកតិចតួចផងដែរ។ ទោះយ៉ាងនេះក្តី ស្ថិតិជាក់លាក់អំពីទំហំប៉ះពាល់ផ្នែកនេះនៅមិនទាន់កំណត់បាននៅឡើយ ត្បិតថា រដ្ឋលេខាធិការដ្ឋាន កំពុងសិក្សាលម្អិតនៅឡើយ ។

ឯកឧត្តមបន្តថា “បន្ថែមលើការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗផងដែរ ដោយសារក្រុមហ៊ុនសាងសង់ភាគច្រើនជារបស់អ្នកវិនិយោគចិន ដែលពេលនេះពួកគេពិបាកក្នុងត្រលប់ចូលមកការដ្ឋានវិញ ដោយការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។”

ទោះបីត្រូវប្រឈមនឹងឧបសគ្គនេះក្តី ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវនេះ នៅតែបន្តប្រតិបត្តិការ និងសម្រេចការសាងសង់បាន៣០%ហើយ។ (អានបន្ថែម)

ឆ្លើយតបនឹងបញ្ហាទាំងអស់នេះ រដ្ឋាភិបាលបានចាត់វិធានការចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ដោយផ្តល់ការរួចពន្ធអប្បរមាចំនួន១០% រយៈពេល៣ខែសិន។ ប្រសិនបើសភាពការណ៍នៅមិនទាន់អាចត្រឡប់មករកភាពប្រក្រតីបានវិញទេនោះ រាជរដ្ឋាភិបាលនឹងពិចារណាថា តើគួរធ្វើយ៉ាងម៉េចបន្តទៀត៕

- Video Advertisement -