ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែកទ្រង់ទ្រាយធំនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែសីហា ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើននៃការដឹកជញ្ជូនកាន់តែកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្រសួងយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកប្រព័ន្ធផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែធំឡើង»។
ឯកឧត្តម បន្ថែមថា ការបង្កើនប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក មិនត្រឹមតែមានចំណាយទាបទេ តែក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រូវបានរៀបរៀងជិតរួចរាល់ហើយ ដោយក្រសួងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។
បច្ចុប្បន្ន កម្ពុជាមានខ្សែផ្លូវដែកចំនួន ២ខ្សែ ដោយខ្សែទី១ ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងខ្សែទី២ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅនៃកម្ពុជា។ ផ្លូវដែកទាំង២ ខ្សែនេះ រដ្ឋាភិបាលបានធ្វើសម្បទានវិនិយោគទៅក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group។

