ក្រសួងកំពុងលើកកម្ពស់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពង្រឹង និងពន្លឿនការងារជួសជុល និងថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន។

បើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី និងត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែមីនា ផ្លូវទាំង៨ខ្សែ នោះ រួមមាន កំណាត់ផ្លូវជាតិលេខ 7 , 8 , 73 , 76 , 78 , 78-5 ផ្លូវខេត្តលេខ 373C និងផ្លូវខេត្តលេខ 3789។

ប្រភពដដែលបានឱ្យដឹងថា ការងារដែលកំពុងអនុវត្ដមានដូចជា ការគូសគំនូសចរាចរណ៍ និងស្រោចកៅស៊ូការពារស្រទាប់លើ ការកៀរសម្រួល កិនបង្ហាប់បន្ថែម និងដាក់លូជាដើម​។

ការងារជួសជុល និងថែទាំនេះ គឺដើម្បីរក្សាគុណភាពផ្លូវតាមស្តង់ដារ ក៏ដូចជាការបន្ថែមអាយុកាលប្រើប្រាស់ផ្លូវ។ លើសពីនេះ ការលើកកម្ពស់ផ្លូវទាំងនេះ ក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងក៏បានស្នើឱ្យប្រជាជនជួយថតរាយការណ៍ពីស្ថានភាពផ្លូវខូចខាត ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) បន្ថែមទៀត ពោលគឺដើម្បីចូលរួមថែទាំងផ្លូវ។

- Video Advertisement -