ក្រសួងគ្រោងប្រើប្រាស់ប្រព័ន្ធបញ្ញាសប្បនិម្មិត (AI) គ្រប់គ្រងចរាចរណ៍លើផ្លូវជាតិលេខ ៥ ក្រោយលើកកម្ពស់រួច
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ក្រោយបញ្ចប់ការស្ថាបនា។
នេះបើយោងតាមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសាធារណការរវាងក្រសួង និងអ្នកទទួលខុសត្រូវគ្រោងស្ដារផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។
បច្ចេកវិទ្យាដែលក្រសួងគ្រោងនឹងប្រើប្រាស់ គឺប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស បានឱ្យដឹងថា ប្រព័ន្ធនេះនឹងជួយសម្រួលដល់មន្រ្តីងាយស្រួលត្រួតពិនិត្យ និងតាមដានសកម្មភាពដឹកជញ្ជូន។
ដោយឡែក ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏នឹងងាយស្រួលផងដែរ ដោយមិនបាច់ឈប់នៅស្ថានីយ ពោលគឺគ្រាន់តែជិះកាត់ ពួកគាត់នឹងដឹងពីទម្ងន់យានយន្តផ្លូវភ្លាមៗតែម្ដង ។
លោកបន្តថា ប្រព័ន្ធនេះ នឹងត្រូវដាក់ប្រើប្រាស់សាកល្បងលើផ្លូវជាតិលេខ ៥ ក៏ដូចជាផ្លូវជាតិមួយចំនួនទៀតផងដែរ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជុំវិញរឿងនេះដែរ លោក Makoto Usami ប្រធានគម្រោងនៃក្រុមហ៊ុន P.E.Jp (Civil Engineering) នៃគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៥ ក៏បានគាំទ្រលើបច្ចេកថ្មីរបស់ក្រសួង ក្នុងការប្រើប្រាស់ជញ្ជីង និងកាមេរ៉ាស្វ័យប្រវត្តិ ឬ AI Camera and Weigh in Motion Sensor នេះ។

