ក្រសួងថាមពលកំពុងសិក្សាគម្រោងបំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី

ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី ត្រូវបានយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី។

តាមរយៈកិច្ចប្រជុំខាងលើនេះ ក្រសួងអនុញ្ញាតឱ្យមានការសិក្សាបឋម ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប និងការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាម ដោយយកខណ្ឌដង្កោជាទីតាំងគោល។

គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនីនេះ ធ្វើឡើងដោយមានការផ្តល់ប្រឹក្សាបច្ចេកទេស ពីធនាគារអេឌីប៊ី ( ADB ) និងក្រុមហ៊ុនអាយអេអែស ( Infrastructure of Asia Singapore)។

គម្រោងបំប្លែងសំណល់រឹងទៅជាថាមពលធ្វើឡើង ស្របពេលដែលរដ្ឋាភិបាល បានកំពុងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃកាក់សំណល់ ខណៈពេលដែលកំណើនកាក់សំណល់កំពុងកើនឡើងជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានកាកសំណល់ប្រមាណ ២.៨០០ តោន ក្នុងមួយថ្ងៃ។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។

លោកបញ្ជាក់ថា ក្រសួងបន្តជំរុញ ឲ្យមានការវិនិយោគលើគម្រោងបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ដោយសារមានក្រុមហ៊ុនវិនិយោគច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងមួយនេះ៕

- Video Advertisement -