ក្រសួងបរិស្ថាននឹងបញ្ចូលបច្ចេកវិទ្យាបៃតង ក្នុងប្លង់មេតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ

ក្រសួងបរិស្ថាន កំពុងវាយតម្លៃ និងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អនុវត្តទៅដោយរលូន មានប្រសិទ្ធិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយគម្រោង រៀបចំកាលពីថ្ងៃទី១១ ខែសីហា ដែលដឹកនាំដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ឯកឧត្តម បានឱ្យដឹងថា គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជារិះរកដំណោះស្រាយ និងបច្ចេកវិទ្យាថ្មីៗនានា ដើម្បីធ្វើឱ្យការអភិវឌ្ឍ ចំណេញដល់សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។

ផែនការសកម្មភាព នឹងផ្តោតសំខាន់លើការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ដោយគ្រប់គ្រងយ៉ាងហ្មត់ចត់លើវិស័យថាមពល ដំណើរការឧស្សាហកម្ម ការប្រើប្រាស់ទឹក ការបញ្ចេញសំណល់ និងការងារផ្សេងៗទៀតក្នុងគ្រប់ដំណើរការអភិវឌ្ឍខេត្តព្រះសីហនុ។

និយាយជារួម ផែនការមេដ៏ធំមួយនេះ ត្រូវតែធ្វើឡើងដោយមានភាពបៃតង និងផ្ដល់ប្រយោជន៍ដល់គ្រប់ផ្នែក។

គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរដ្ឋាភិបាលប្រកាសមួយរយៈធំមកហើយ។

កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ដាក់រដ្ឋមន្រ្តីជើងចាស ៣រូប ធ្វើការរួមគ្នាពន្លឿនការងារនេះ។ (អានបន្ថែម)

លើសពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្នក៏កំពុងប្រមូលរូបភាពពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេផងដែរ។ (អានបន្ថែម)

- Video Advertisement -