ក្រសួងបានចុះ MOU ជាមួយCWA ចំនួន៥ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ក្រសួងឧស្សាហកម្មបានចុះអនុស្សរណៈជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ចំនួន៥ចំនុចធំៗ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើយោងតាមការធ្វើសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា នៅថ្ងៃទី២៩-៣០ វិច្ឆិកា ២០២២។
នាឱកាសនោះដែរ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំដែលមានមោទនភាពយ៉ាងខ្លាំង លើការពង្រឹងភាពជាដៃគូរដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២។ ថ្មីៗនេះដែរ សមាគម និងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម ក៏បានចុះ MOU លើកទី២ ចំនួន៥ ក្នុងនោះរួមមាន៖
១.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
២.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកអូស្រា្តលី
៣.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកជប៉ុន
៤.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជា ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា
៥.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយក្រុមហ៊ុនភ្នំពេញប្លាស្ទិច ប្រូដាក់ ដែលនេះគូសបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។
ក្រៅពីMOU ទាំង៥ខាងលើ សមាគមនេះ ក៏បានសន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀតដើម្បីជំរុញការរីកចម្រើន និងផ្តល់ប្រយោជន៍ដល់សមាជិកសមាគមឱ្យបានកាន់តែប្រសើរឡើងផងដែរ៕

