ក្រសួងរ៉ែប្តេជ្ញាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យបានរហូត ៩៨% ត្រឹមឆ្នាំ២០២២

ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨%។

នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាញអគ្គិសនីទៅទីនោះទេ ដោយនោះជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន​បាន​ប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង […]

ឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?

ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗ […]