ក្រសួងរ៉ែប្រកាសបើករុករករ៉ែក្នុងតំបន់សម្បទានថ្មី ២ ក្នុងខេត្តត្បូងឃ្មុំ និងរតនគិរី

ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ បានប្រកាសបើកឱ្យ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាបណ្ណរុករកចំពោះ ក្នុងតំបន់សម្បទានថ្មីចំនួន ២ កន្លែង នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។

យោងតាមប្រកាសរបស់ក្រសួងចុះថ្ងៃទី ២ កញ្ញា តំបន់សម្បទានស្វែងរុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖

១. តំបន់សម្បទានស្វែងរុករករ៉ែទំហំជាង ១ ម៉ឺនហិកតា (១០៧,១០ គីឡូម៉ែត្រក្រឡា) ដែលស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

២. តំបន់សម្បទានស្វែងរុករករ៉ែទំហំជាង ១ ម៉ឺនហិកតា (១០០ គីឡូម៉ែត្រក្រឡា) ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សាធារណៈជនដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែឱ្យត្រឹមត្រូវ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្តីការក្រសួងរ៉ែ និងថាមពល។

ទាក់ទិននឹងការរុករ៉ែនេះ កាលពីខែ មេសា កន្លងមកនេះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថាប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ (អានបន្ថែម)

ហើយកាលពីខែ មិនា កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល ក៏បានប្រកាសបើកទទួលពាក្យដេញថ្លៃទទួលបានអាជ្ញាបណ្ណស្វែងរុករក ក្នុង ៤តំបន់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង មណ្ឌលគិរី ផងដែរ។ (អានបន្ថែម)

- Video Advertisement -