ក្រសួងរ៉ែអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា
ក្រសួងរ៉ែ និងថាមពល បានអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលវេលាទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់ភាគីណាមួយទេ ដោយបញ្ជាក់ថាគ្រប់ភាគីត្រូវឈប់ទាមទារចង់បាន ហើយបញ្ជូនប្រេងមកកម្ពុជាវិញតាមច្បាប់។
ការអះអាងនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា ដែលថាកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់ ដូច្នេះបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញទេ ហើយប្រគល់ប្រេងឱ្យកម្ពុជាឡើយ។
ក្រមហ៊ុនក៏បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលបញ្ជាក់ថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។ ដូច្នេះហើយទើប MT Strovolos សម្រេចចេញពីកម្ពុជាព្រមនឹងប្រេងជិត ៣០ ម៉ឺនបារ៉ែល។ (អានបន្ថែម)
ដើម្បីឆ្លើយតបនឹងរឿងនេះ ក្រសួងបានចេញសេក្តីប្រកាសព័ត៌មាន ៤ ទំព័រ កាលពីថ្ងៃទី៣០ ខែកញ្ញា លើកឡើងថា កម្ពុជាបានជូនដំណឹងអំពីកម្មសិទ្ធលើប្រេងឆៅ និងការបំពានច្បាប់កម្ពុជា ទៅដល់ WTM តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។
«ប៉ុន្តែ MT Strovolos មិនព្រមបង្វិលសងប្រេងមកកម្ពុជាវិញទេ ហើយថែមទាំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ីជាដើម» ក្រសួងបានបញ្ជាក់ ។
ក្រសួងបន្តថា ពួកគេក៏បានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្នុងរយៈពេលយូរ នឹងចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត ដែលជាការខុសច្បាប់។
ក្រសួងនៅតែសង្កត់ធ្ងន់ថា ប្រេងឆៅមិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ឡើយ ព្រោះថា ប្រេងឆៅទាំងនេះ មិនមែនជាកម្មសិទ្ធរបស់អ្នកជួលនាវា [KrisEnergy] ទេ។
«ដូចបញ្ជាក់កន្លងមក ប្រេងឆៅជាទ្រព្យសម្បតិ្តរបស់កម្ពុជា។គ្មានការទាមទារណាមួយក្រោមកិច្ចព្រមព្រៀងជួលនាវាអាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតអោយនាវា MT Strovolos ចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ឡើយ»។
ដូច្នេះ ពួកគេត្រូវរៀបចំបង្វិលសងប្រេងឆៅមកឱ្យកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាម ទាមទារប្រាក់ពីព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហារឿងថ្លៃឈ្នួលគឺជាបញ្ហារវាង WTM និង KrisEnergy កម្ពុជាមិនពាក់ព័ន្ធឡើយ។
- Video Advertisement -