ក្រសួងរ៉ែ៖ គ្មានខ្សាច់សូម្បីមួយគ្រាប់នាំចេញទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០១៧

ក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រទេសកម្ពុជាពុំបាននាំចេញខ្សាច់ទៅក្រៅប្រទេសទេ សូម្បីតែមួយម៉ែត្រគូប ចាប់ដឹងពីឆ្នាំ២០១៧ មកម៉្លេះ ដោយការបូមខ្សាច់ទាំងអស់ គឺប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ។ នេះបើយោងតាមការឆ្លើយតបរបស់ក្រសួងទៅនឹងរបាយការណ៍របស់ The Science Times ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា សកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។ (អានបន្ថែម)

លោកបានបន្ថែមទៀតថា៖ «ប្រហែលជា៤ ទៅ៥ ឆ្នាំ មុន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅក្រៅប្រទេស តែពេលនេះបានបិទដំណើរការមិនឱ្យនាំចេញអស់ហើយ។ ការបិទអាជ្ញាប័ណ្ណអាជីវកម្មទាំងអស់នេះ គឺដោយសារការបូមខ្សាច់តាមដងស្ទឹងនៅក្នុងខេត្តកោះកុងដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវៈចំរុះ ក៏ដូចជាបង្កឱ្យមានការបាក់ច្រាំងដងស្ទឹងកាន់តែធំផងដែរ »។

«ដូច្នេះទើប ក្រសួងបានសម្រេចបិទអាជ្ញាបណ្ណធ្វើអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេសទាំងអស់នោះ។»

លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្នខ្សាច់ដែរបូមប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ ជាពិសេសសម្រាប់វិស័យសំណង់ដែលកំពុងតែមានសន្ទុះឥតឈប់ឈរ។

លោក អ៊ឹង ឌីប៉ូឡា៖ «ខ្សាច់គឺជាធនធានដែលប្រើប្រាស់ច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីទឹក វាគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន លំនៅដ្ឋាន រួមបញ្ចូលទៅដល់អគារខ្ពស់ៗនៅទីក្រុងភ្នំពេញសព្ធថ្ងៃ បើមិនមានខ្សាច់ទេ យើងក៏មិនមានហេដ្ឋារចនាសម្ព័ន្ធទាំងនោះដែរ»។

បើយោងតាមទិន្នន័យរបស់ក្រសួងរ៉ែ និងថាមពល ជាមធ្យមប្រទេសកម្ពុជាបូមខ្សាច់ចេញពីទន្លេមេគង្គប្រមាណពី ៧ ទៅ ៨ លានម៉ែ្រតគូប ក្នុងមួយឆ្នាំៗ ហើយបើយោងតាមសម្តីរបស់ លោក អ៊ឹង ឌីប៉ូឡា បរិមាណខ្សាច់នេះមានចំនួនតិចតួចណាស់បើប្រៀបធៀបទៅនឹងកំណកខ្សាច់ និងការហូរខ្សាច់ចូលមកវិញ។

ដូច្នេះហើយ នាពេលអនាគត ក្រសួងអាចនឹងពិចារណាឡើងវិញទាក់ទងនឹងការនាំខ្សាច់ចេញ។

ទាក់ទងនឹងការនាំខ្សាច់ចេញនេះ លោក អ៊ឹង ឌីប៉ូឡា បានពន្យល់ថា៖ «ទោះបីជាខ្សាច់បានជួយជំរុញសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក៏ពិតមែន តែប្រធានបទខ្សាច់ជារឿងរសើបមួយខ្លាំងណាស់ ដូចនេះ ការបើកឲ្យមានអាជ្ញាបណ្ណនាំចេញខ្សាច់ទៅក្រៅប្រទេសអាចធ្វើបានឡើងវិញ លុះតា្រតែមានការជជែកពិភាក្សាគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងដាក់ចេញគោលនយោបាយ និងបទប្បញ្ញត្តិនានាឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងការប៉ះពាល់ធំធេងដល់ប្រជាពលរដ្ឋនៅតាមតំបន់ធ្វើអាជីវកម្មទាំងអស់នោះ»។

រូបថត៖ ak6​

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ
- Video Advertisement -