ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចច្រានចោលគម្រោងវិនិយោគបង្កើតរីសតតម្លៃ៣៥០ដុល្លារ នៅសៀមរាបរបស់ក្រុមហ៊ុន Naga Corp ក្រោយប្រជុំជាច្រើនលើកច្រើនសារហើយរកឃើញថាគម្រោងនេះនឹងប៉ះពាល់ខ្លាំងដល់ការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃ ២៣ មីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងបឹងអច្ឆរិយអង្គរ ឬ Angkor Lake of Wonder របស់ក្រុមហ៊ុន Naga Corp “មិនអាចអនុវត្តបានទេក្នុងបរិបទនេះ”។

ក្រសួងលើកឡើងថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) លើកទី២៧ និងក្រោយពីកិច្ចប្រជុំពិសេសចំនួន ២លើក ផ្សេងទៀត កាលពីថ្ងៃទី ២២ កុម្ភៈ និងថ្ងៃទី ៤ មីនាកន្លងមកនេះ។

លើសពីនេះ សេចក្ដីសម្រេចនេះ ក៏ដោយសារតែមានមតិយោបល់ពី UNESCO បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម)

អង្គការ UNESCO បានបន្តទៀតថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។

យ៉ាងណាមិញ មួយសប្ដាហ៍ក្រោយ UNESCO សម្ដែងក្ដីបារម្ភ ប្រធានក្រុមហ៊ុនវិនិយោគកាស៊ីណូ NagaCorp បានអះអាងថាក្រុមហ៊ុនតែងតែប្រយ័ត្នប្រយែង និងគិតគូរពីបេតិកភ័ណ្ឌ និងបរិស្ថាននៅប្រទេសកម្ពុជាជានិច្ច ហើយនឹងបន្តសិក្សាលើគម្រោងនេះបន្ថែមទៀត ដើម្បីជៀសវាងផលប៉ះពាល់។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NagaCorp បានប្រកាសគម្រោងនេះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងនេះ។ ក្រុមហ៊ុនអះអាងថា គម្រោងនេះមិនមែនជាកាស៊ីណូទេ តែជារមណីយដ្ឋានចំរុះដែលរួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទូកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ៍វប្បធម៌ និងអាហារដ្ឋាន ជាដើម។ (អានបន្ថែម)

NagaCorp ក៏បានអះអាងទៀតថា គម្រោងនឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ៧៥ ហិកតា ដែលក្រៅតំបន់អភិរក្ស។ បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៥ ប៉ុន្តែពេលនេះត្រូវបានរដ្ឋាភិបាលច្រានចោលហើយ។

- Video Advertisement -