ក្រសួងសាធារណការគ្រោងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ តាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣០។
នេះបើយោងតាមកិច្ចប្រជុំប្រមូលធាតុចូលរបស់ក្រសួង ដើម្បីត្រៀមសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។
ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការប្រមូលធាតុចូលនេះ គឺដើម្បីធ្វើទំនើបកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងផែនការគោលរបស់រដ្ឋាភិបាល។
ឯកឧត្តមបន្តថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងជោគជ័យលើការកែទម្រង់ស៊ីជម្រៅមួយចំនួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ក្នុងការផ្តល់សេវាសាធារណៈមួយចំនួន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ជាក់ស្ដែង ក្រុមហ៊ុនប្រព័ន្ធផ្កាយរណបចិន China Great Wall Industry Corporation (CGWIC) ក្នុងពេលឆាប់ៗខាងនេះ នឹងបំពាក់ផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿង ដើម្បីបង្កើនសុវត្ថិភាពការដឹកជញ្ជូន និងចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់នានា។
ប្រព័ន្ធ Beidou GPS នេះ គឺបច្ចេកវិទ្យា GPS ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរាយការណ៍បញ្ហាផ្សេងៗ ដូចជាការដឹកទំនិញលើសទម្ងន់ ការបើកបរហួសល្បឿនកំណត់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។ (អានបន្ថែម)
ដូចគ្នានេះដែរ ក្រសួង ក៏កំពុងត្រផមប្រើប្រាស់ប្រព័ន្ធ AI ដើម្បីគ្រប់គ្រងចរាចរណ៍ លើផ្លូវជាតិលេខ ៥ ក្រោយលើកកម្ពស់រួច។ (អានបន្ថែម)

