ក្រសួងសាធារណការ៖ ការស្ថាបនាផ្លូវល្បឿនលឿន នៅបន្តដំណើរការធម្មតា ទោះជួបការលំបាកកត្តា ភូមិសាស្ត្រ និងកូវីដ១៩

ដំណើរការនៃការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅតែដំណើរការដោយរលូន ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រ បូករួមនឹងបញ្ហាមេរោគកូវីដ១៩ ក៏ដោយ ក្រសួងសាធារណការ បានសហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរួមគ្នាជាមួយកម្មករនៅការដ្ឋានផ្តាល់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា ដើម្បីឲ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។

ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ។
ឯកឧត្តម បានលើកឡើងថា ៖«យើងជួបបញ្ហាប្រឈមមួយចំនួនទាក់ទងជាមួយនឹងលក្ខណៈភូមិសាស្រ្ត។ ហើយយើងបានដឹងហើយថា ការសាងសង់ផ្លូវនេះមានប្រវែងឆ្ងាយ មានរហូតដល់ជិត ២០០ គីឡ៉ូម៉ែត្រ។ ចឹងទៅ យើងធ្វើការឆ្លងកាត់ តំបន់ទីប្រជុំជន តំបន់ខ្ពង់រាប តំបន់ភ្នំ តំបន់ជ្រោះ។ យើងមានការលំបាកដែលតម្រូវឲ្យក្រុមការងារយើង ធ្វើការសិក្សារួមគ្នា និងជាពិសេសពាក់ព័ន្ធបញ្ហាការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។»

ឯកឧត្តមក៏បានបន្ថែមថា ៖ «ចំពោះដំណោះស្រាយរបស់ប្រជាពលរដ្ឋ យើងមានដំណាក់កាលក្នុងការដោះស្រាយ ប៉ុន្តែយើងមិនមានឧបសគ្គធំដុំទេ។ យើងបានដោះស្រាយជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកជាប្រធានគណៈកម្មការ សម្រាប់ដោះស្រាយផលប៉ះពាល់ ដោយបានដឹកនាំក្រុមការងារអន្តរក្រសួង ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយបានដោះស្រាយដោយរលូនផងដែរ។»

ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់ផ្លូវមួយខ្សែនេះទេ។ ទោះយ៉ាងនេះក្តី ក៏ក្រសួងបានចាត់វិធានការបង្ការតឹងរឹង ដើម្បីបញ្ចៀសការឆ្លងមេរោគនេះ សម្រាប់មន្ត្រី បុគ្កលិក និងកម្មករនៅការដ្ឋានផ្ទាល់តែម្តង។ ក្រៅពីការផ្តល់ម៉ាស់ ទឹកអាកុលលាងដៃ និងបន្ទប់សម្រាកសម្រាប់កម្មករនៅការដ្ឋាន ក៏មានការបោះពុម្ពចែកចាយបណ្ណព័ត៌មានអំពីការឆ្លងមេរោគនេះ ដល់ពួកគេផងដែរ។ នេះ បើតាមការបញ្ជាក់ពីលោក ហ្សឹ សុង (Xu Song) ដែលជាមេការគ្រប់គ្រងកម្មការប្រមាណ ២៨០ នាក់ នៅការដ្ឋានសំណង់នោះផ្ទាល់ ជូនបណ្តាញព័ត៌មានស៊ីនហួរ Xinhua របស់ចិន កាលពីថ្ងៃទី ០៦ ខែ ឧសភានេះ។

លោកសុង បានបន្តថា “បុគ្គលិកទាំងអស់ ត្រូវធ្វើតេស្តិ៍ពិនិត្យសីតុណ្ហភាពរាល់ថ្ងៃ។ ចំណែកឯ ការិយាល័យ និងអន្តេវាសិកដ្ឋានត្រូវបានធ្វើអនាម័យ ២ ដងក្នុងមួយថ្ងៃដែរ។ ម្យ៉ាងទៀត ចំពោះកម្មករណាដែលទើបនឹងជ្រើសឱ្យចូលបម្រើការងារថ្មី និងអ្នកដែលទើបត្រលប់មកពីវិស្សមកាលនៅប្រទេសចិនវិញ ចាំបាច់ត្រូវដាក់ឱ្យជាប់ចត្តាឡីស័ក (Quarantine) រយៈពេល ១៤ ថ្ងៃ ជាមុនសិន។”

ចំពោះវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿននេះ ឯកឧត្តម គង់ វិមាន បានបន្ថែមថា៖ «បើគិតចាប់ផ្តើមពីថ្ងៃធ្វើពិធីបើកការដ្ឋាន រហូតមកដល់បច្ចុប្បន្ននេះ យើងបានសម្រេចការសាង់សង់បាន ២១% ហើយនឹងគ្រោងបញ្ចប់តាមផែនការក្នុង ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។»
គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ នឹងត្រូវសាងសង់ជា ៤គន្លង និងមានប្រវែង ១៩០ គីឡូម៉ែត្រ ដោយធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥ ចំណាយថវិការប្រមាណ១,៩ប៊ីលានដុល្លារអាមេរិក ក្រោមការវិនិយោគពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។
(អានបន្ថែម)

- Video Advertisement -