ក្រសួងសេដ្ឋកិច្ចស្នើឱ្យ WorldBank ផ្ដល់កម្ចីទំហំធំជាងមុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យធនាគារពិភពលោក (WorldBank) ជួយផ្តល់ឥណទានដែលមានទំហំធំជាងមុនដល់កម្ពុជា សម្រាប់ការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។
នេះជាការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ឯកឧត្តមបានស្នើឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែរ។
លើសពីនេះ ឯកឧត្តមក៏សុំឱ្យ WorldBank ពិចារណាពន្យារពេលការអនុវត្តលក្ខខណ្ឌថ្មី នៃការសុំឥណទាន [ដែលអាចនឹងតឹងរឹងជាងមុន] ដើម្បីទុកពេលឱ្យកម្ពុជាមានលទ្ធភាពអាចសុំកម្ចីបានងាយស្រួលសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
លោកជំទាវ ក៏បានថ្លែងជំហរគាំទ្រចំពោះសំណើ ព្រមទាំងបានសន្យាថានឹងពាំនាំយកទៅពិភាក្សាឡើងវិញ ជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បីដោះស្រាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកម្ចីដែលមានកម្រិតសម្បទាខ្ពស់ ៕

