ក្រសួងស្នើជប៉ុនឱ្យដាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅផ្សារAEON
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនជប៉ុនមួយ ពិចារណា បើកកន្លែងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅផ្សារទំនើប Aeon Mall 1 និង Aeon Mall 2 ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទទួលសេវាកម្ម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ដឹកនាំដោយលោក Takeshi Mamiya កាលពីថ្ងៃទី២៦ មករា កន្លងទៅ។
ឯកឧត្តម លើកឡើងថាផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទ ដូចជាការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម ដូច្នេះ គួរបន្ថែមសេវាឱ្យគ្រប់ជ្រុងជ្រោយ។
តបនឹងការស្នើនេះ លោក Takeshi Mamiya នឹងពិនិត្យពិចារណា ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញ ក្នុងពេលខាងមុខនេះ។
ក្រុមហ៊ុន Marubeni ASEAN PTE.LTD មានសាខាឋិតនៅទូទាំងពិភពលោកចំនួន ៣៦កន្លែង ក្នុងនោះសាខា ចំនួន ១៩កន្លែង ឋិតក្នុងតំបន់អាស៊ាន និងអាស៊ីនិរតី ផ្ដោតការវិនិយោគជាសំខាន់ទៅលើការដឹកជញ្ជូន ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងចក្រឧស្សាហកម្ម សំណង់ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាដើម៕

