ក្រសួង៖ អណ្ដូងប្រេង និងឧបករណ៍ដែលKrisEnergy បោះបង់ អាចបូមប្រេងបាន ១០ម៉ឺនបាវែលទៀត
ប្រេងឆៅជាង ២៨ ម៉ឺនបារែល ដែលជាដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពូជា បានវិលត្រឡប់មកស្រុកវិញហើយ ក្រោយត្រូវបានកប៉ាល់លួចដឹកចេញពីប្រទេសដោយគ្មានការដឹងលឺពីរដ្ឋាភិបាលកាលពីឆ្នាំមុន។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងកាលពីថ្ងៃទី ១២ តុលា ថា ប្រេងនេះ ត្រូវបានលក់ចេញក្នុងតម្លៃជាង ២៥ លានដុល្លារ កាលពីខែកញ្ញា កន្លងទៅ ដែលចាត់ទុកថាជាចំណូលប្រវត្តសាស្ត្រមួយរបស់កម្ពុជា។
«បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរការផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប៉ុន្តែមិនដូច្នោះទេ កម្ពុជាទទួលបានធនធានមកវិញហើយ» លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងយ៉ាងដូច្នេះ។
«ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេង រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំង៥ ប្រមាណ ជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតាមតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត» លោកបន្ដ។
លោកក៏បានបកស្រាយនៅចង្ងល់ជាច្រើនដូចខាងក្រោម៖
១_ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ បានរក្សារការពារបាននូវកម្មសិទ្ធរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
២_ប្រេងឆៅដែលអាចបូមលក់បានមានចំនួនសរុប 280,656 បារែល ត្រូវបានប្រគល់មកឱ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ។
៣_ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ កន្លងនេះ ដែលការទូទាត់ផ្សេងៗ មានលំអិតប៉ាន់ស្មានដូចខាងក្រោម៖
– សរុបទឹកប្រាក់លក់បាន 25,222,554.72 ដុល្លារ
– ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង 11.45 ដុល្លារ / បារែល ស្មើនិង 3,213,511.20 ដុល្លារ
– ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួន 1,715,306 ដុល្លារ
– ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់ 20,293,737.52 ដុល្លារ
– ភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០% នៃចំណូលលក់នៅសល់ខាងលើ ស្មើនិង 14, 205,616.26 ដុល្លារ
៤_ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែមខាងក្រោម៖
– ចំណូលថវិក 5,000,000 ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន
– ស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ។
- Video Advertisement -