ក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់

ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។

ជំនួបនេះធ្វើឡើងរវាង លោកជីវ ស៊ីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) តំណាងឲ្យ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានស.ស.ក ជាមួយលោក Kyungmoo, Kwon នាយកក្រុមហ៊ុនកូត្រាភ្នំពេញ ។

ការចុះកិច្ចសន្យាលើកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដែលក្នុងនោះវានឹងផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសការផ្សព្វផ្សាយពីភាពរីកចម្រើននៃវិស័យសំណង់របស់ប្រទេសកម្ពុជា ហើយវាក៏មានការផ្លាស់ប្តូរព័ត៌មាន និងការទទួលធ្វើធុរៈកិច្ច ការរៀបចំការតាំងពិព័រណ៍ សិក្ខាសាលា និងកម្មវិធីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យសំណង់ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជាផងដែរ។

លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះវាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយពង្រីកការផ្សព្វផ្សាយនៃការរីកចម្រើនលើវិស័យសំណង់របស់កម្ពុជាទៅកាន់ប្រទេសកូរ៉េ និងអាចទាក់ទាញអ្នកវិនិយោគិនកូរ៉េ មកធ្វើការបណ្តាក់ទុនកាន់តែច្រើនថែមទៀតផង ដែលវាអាចជួយអោយសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយខាងប្រទេសកូរ៉េគ្រោងនិងរៀបចំកម្មវិធីធុរៈកិច្ចរវាងប្រទេសកម្ពុជា និងកូរ៉េ ក្នុងពេលឆាប់ៗនេះផងដែរ។

លោក ជីវ ស៊ីវផេង បញ្ជាក់ផងដែរថា៖ “ការចូលមកបណ្តាក់ទុនច្រើនពីក្រុមហ៊ុនសំណង់បរទេសជាមួយកម្ពុជា វាមិនបណ្តាលឱ្យមានផលប៉ះពាល់អ្នកវិនិយោគិនក្នុងស្រុកនោះទេ វាថែមទាំងជួយបង្កើតការងារ និងផ្តល់ប្រាក់កម្រៃសមរម្យ ដល់ប្រជាជនផងដែរ ហើយដើម្បីអោយការវិនិយោគនោះកាន់តែធំ យើងត្រូវការ ការចូលរួមពីអ្នកវិនិយោគិនទាំងក្នុង និងក្រៅស្រុក”។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ១៦៣ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនក្នុងស្រុកមានចំនួនសរុប ១០៣ ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសមានចំនួន ៦០ ក្រុមហ៊ុន ដែលមកពី ១៧ ប្រទេស ដែលក្នុងនោះ ១២ ក្រុមហ៊ុនជារបស់ប្រទេសកូរ៉េខាងត្បូង។ ហើយសមាគមអ្នកសាងសង់ ក៏មានកិច្ចសហប្រត្តិបត្តិការជាមួយនឹងសហព័ន្ធអ្នកសាងសង់អាស៊ាន ប្រទេសអាស៊ី និងអាស៊ីប៉ាស៊ីហ្វិចខាងលិចផងដែរ។

- Video Advertisement -