ក្រុមហ៊ុនចិនធំមួយ គ្រោងបោះទុន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងនឹងបោះទុនចំនួន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា ខណៈកំពុងសិក្សាពីទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង សម្រាប់ដាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។
ឯកឧត្តម បានបន្តថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលដើមឡើយក្រុមហ៊ុននេះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។
ឯកឧត្តម បានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។
ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងប្រភេទផលិតកម្មរបស់ក្រុមហ៊ុននៅឡើយទេ។
គួរបញ្ជាក់ដែរថា នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គ្រោងបោះទុន ២០៨លានដុល្លារ បន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីពង្រីករោងចក្ររបស់ខ្លួនក្នុងដំណាក់កាលទី៣។ (អានបន្ថែម)
- Video Advertisement -