ក្រុមហ៊ុនចិនបង្ហាញបច្ចេកវិទ្យាសំណង់វៃឆ្លាត ២ ប្រភេទ ដែលប្រើក្នុងការដ្ឋានផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិងកំពុងប្រើបច្ចេកវិទ្យាសំណង់វៃឆ្លាតចំនួនពីរប្រភេទ រួមមាន ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន លក្ខណៈពិសេសនៃម៉ាស៊ីនឈូសផ្ទៃថ្នល់ GCS (ឬ Impressive Motor Grader GCS System) អាចធ្វើការជំនួសមនុស្សដល់ទៅ ៣នាក់ គឺអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ លើសពីនេះ ម៉ាស៊ីននេះអាចឈូសផ្ទៃ និងក្រាលតួថ្នល់បានត្រឹមត្រូវ និងស្តង់ដារខ្ពស់ជាងធ្វើដោយដៃ។
ដោយឡែក ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3D (ឬ Automatic & Precise 3D Paving) វិញ គឺត្រូវបានប្រើសម្រាប់រក្សាស្ថិរភាពស្រទាប់ស៊ីម៉ង់ក្រោមគ្រឹះតួថ្នល់ (cement stabilized sub-base) និងស្រទាប់កៅស៊ូអាស្វាល់ (asphalt pavement)។ ម៉ាស៊ីននេះធ្វើការដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំកម្លាំង និងពេលវេលា។
គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុន ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម)
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

