ក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង
អ្នកវិនិយោគជប៉ុននឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង នៅខែមេសា ខាងមុខនេះ ដើម្បី សិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះ។
នេះបើយោងតាមជំនួបរវាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ។
ឯកឧត្តម សុខ លូ បានប្រាប់ ទៅកាន់ភាគីជប៉ុនថា បាត់ដំបងជាខេត្តដែលមានសក្ដានុពលវិស័យកសិកម្មដ៏សំបូរបែបហើយផលិតផលកសិកម្ម ជាច្រើនប្រភេទមិនទាន់មានរោងចក្រកែច្នៃនៅឡើយ។
ដូច្នេះ ឯកឧត្តម ក៏បានស្នើដល់ភាគីជប៉ុនជួយកៀរគរអ្នកវិនិយោជប៉ុនមកបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឬរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបងដើម្បីជំរុញការនាំចេញ និងបង្កើតការងារជូនប្រជាពល រដ្ឋនៅមូលដ្ឋាន។
ជាការឆ្លើយតប ភាគីជប៉ុននឹងមកទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅអំឡុងខែមេសា ខាងមុខនេះ ។

