ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ
ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។
យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចផងដែរ។
ការប្រកាសពីគម្រោងវិនិយោគនៅកម្ពុជានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន របស់អនុព័ន្ធពាណិជ្ជកម្ម ដឹកនាំដោយលោក ហេង សុវណ្ណារិទ្ធ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល ។
ក្នុងឱកាសនេះ លោក ហេង សុវណ្ណារិទ្ធ បានបានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាផ្នែកមួយនៃ STAR Holding Group ដែលជាអ្នកឯកទេសផលិតម៉ាស៊ីនត្រជាក់ និងកម្ដៅធំជាងគេមួយនៅប្រទេសថៃ។ ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាតំណាងរោងចក្រនាំមុខគេរបស់ប្រទេសថៃ នៅលើទីផ្សារពិភពលោក។

