ក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ

ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃ​ប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃ​នៃការប្រើប្រាស់ផ្លូវនេះ។​

ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ​ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។​ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។​

បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុន​នឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។​ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តី​លោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។​

អ្នកនាំពាក្យលើកឡើងថា៖ “អ្នក​ដែល​ប្រើ​ផ្លូវ​ល្បឿន​លឿន​ នឹង​ឃើញ​តម្លៃ​ដែល​មាន​កំណត់​យ៉ាង​ច្បាស់​នៅ​លើ​បដា​ពណ៌​ខៀវ​ធំ​នៅ​ខាង​ស្ដាំ​ផ្លូវ​ចូល”។

បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក  សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។​

ការកំណត់​បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍​នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។​

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។

 

- Video Advertisement -