ក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០មេហ្គាវ៉ាត់ទៅសិង្ហបូរី
ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហបូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។
បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កាលពីនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឱ្យការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។”
លោកឧកញ៉ា បានបន្តថា កិច្ចសហប្រតិបត្តិនេះ នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបូរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ KI ក្នុងការស្វែរកធនធានថាមពលប្រកបដោយ ចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយ រាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសិង្ហបូរីផងដែរ៕
- Video Advertisement -