ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ
ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។
ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជា ពោលគឺអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។
បើយោងតាមប្រភពដដែល សម្រាប់ឆ្នាំ ២០២១ និង ២០២២ ចំណូលពីទីផ្សារអាកាសចរណ៍កម្ពុជានឹងកើនឡើងខ្លាំង ដោយរំពឹងថានឹងរួមចំណែកប្រមាណ ៧០% នៃចំណូលសរុបរបស់ក្រុមហ៊ុន Muhibbah Engineering។
ការស្រាវជ្រាវបានបន្តទៀតថា៖ «ក្រោយវិបត្តិកូវីដ អ្នកហោះហើរដែលច្រើនជាងគេ គឺជនជាតិចិន ហើយកម្ពុជានឹងចាប់យកចំណែកទីផ្សារនេះបានមួយចំណែកធំ ព្រោះ១/៣ នៃជនបរទេសដែលហោះហើរមកកម្ពុជា គឺជាជនជាតិចិន»។
គួរបញ្ជាក់ផងដែរថា មុនវិបត្តិកូវីដ វិស័យអាកាសចរណ៍ នៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដោយទាំងរដ្ឋាភិបាល និងឯកជនបាន និងកំពុងបោះទុនបន្ថែមក្នុងវិស័យនេះ។
ក្រៅពីព្រលានសំខាន់ៗទាំង ៣ ដែលមានស្រាប់ កម្ពុជាក៏កំពុងសាងសង់ព្រលានយន្តហោះខ្នាតយក្សមួយទៀតក្រោមទុនវិនិយោគជាង ១,៥ ពាន់លានដុល្លារ នៅខេត្តកណ្ដាល ដោយបច្ចុប្បន្នបញ្ចប់បានប្រមាណ ៣០% ហើយ។ (អានបន្ថែម)
លើសពីនេះ រដ្ឋាភិបាលកាលពីខែមេសា ឆ្នាំ ២០២០ បានប្រកាសថា នឹងបោះទុនវិនិយោគជាង ៣,៥ ពាន់លានដុល្លារ ដើម្បីសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជា តាមផែនការឆ្នាំ ២០១៥ – ២០២៣។ (អានបន្ថែម)

