ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ បើកសម្ពោធអគារតាំងបង្ហាញផលិតផលបែបថ្មី

ជាមួយនឹង​អគារ​តាំង​បង្ហាញ​ផលិតផលបែប​ថ្មី របស់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ គ្រុប អតិថិជន និង​អ្នកទស្សនា នឹង​ទទួលបាន​បទពិសោធន៍​គួរ​ជាទី​ពេញចិត្ដ និង​ការចាប់អារម្មណ៍​ច្រើនឡើងៗ នៅពេល​ពួកគេ​ធ្វើការ​ជ្រើសរើស​អ្វីដែល​គេ​ត្រូវការ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍ប្រើប្រាស់​​អគ្គិសនី គ្រឿង​បរិក្ខារ​កសិកម្ម និង​វិស្វកម្ម ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។

អាគារ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ខាងមុខ​ស្ថានទូត​ចិន និង​មាន ៣ ជាន់ ហើយ​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ។ អគារ​នេះ​មិន​ត្រឹមតែ​បង្កើតឡើង​ដើម្បី​លើក​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ​វិស្វកម្ម​សំណង់នោះទេ ប៉ុន្តែ​វា​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ផលិតផល​ដែលជា​ម៉ាក​របស់ខ្លួន មជ្ឈមណ្ឌល​ធ្វើតេស្ត​ផលិតផល និង​កន្លែង​ផ្តល់​សេវាកម្ម​នៅក្នុង​ទីតាំង​តែមួយ។

ជាន់​ទីមួយ​ត្រូវបាន​រចនា​ឡើងជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប ដែលមាន​ដាក់លក់​នូវ​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី ឧបករណ៍ប្រើប្រាស់​ដោយ​ដៃ និង​ឧបករណ៍​បន្ទាប់បន្សំ​ផ្សេងទៀត ព្រមទាំង​ជា​មជ្ឈមណ្ឌល​ថែទាំ និង​កន្លែង​គិតលុយ​ផងដែរ។ ជាន់​នេះ​ក៏មាន​កន្លែង​ពិសេស​មួយ សម្រាប់​ឲ្យ​អតិថិជន​អាចធ្វើ​ការសាកល្បង​នូវ​គំរូ​ផលិតផល​ដែល​ពួកគេ​ចូលចិត្ត​ផងដែរ។

ជាន់​ទី​ពីរ និង​ទី​បី​គឺជា​ការិយាល័យ​តាំង​បង្ហាញ ដែល​ក្នុងនោះ​នៅ​ជា​ន់ទី​ពីរ គឺ​ដាក់តាំង​បង្ហាញ​នូវ​ឧបករណ៍​សម្អាតផ្ទះ និង​ម៉ាស៊ីន​បូម​គ្រប់​ប្រភេទ​រួមទាំង​ម៉ាក Tsurumi ផងដែរ។ ចំណែក​ជាន់​ទី​បី ដាក់តាំង​បង្ហាញ​ប្រដាប់ប្រដា ឧបករណ៍ ម៉ាស៊ីន និង​ម៉ាស៊ីន​ភ្លើង ​ដែល​បំរើ​ឲ្យ​វិស័យ​កសិកម្ម ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ចាប់ផ្តើម​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តូច​នៅក្នុង​ឆ្នាំ ១៩៩៩ បន្ទាប់ពី​ធ្វើការ​ផ្គត់ផ្គង់​ឧបករណ៍​ប្រើ​ថាមពល​អគ្គិសនី និង​ឧបករណ៍​កសិកម្ម​ពី​ប្រទេស​ថៃ នៅក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​រាជធានី​ភ្នំពេញ​ចាប់​តាំងពីដើម​ទសវត្ស​ឆ្នាំ ១៩៩០។ សព្វថ្ងៃនេះ ក្រុមហ៊ុន​ធ្វើការ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ជាង ១០ ម៉ាក និង​ចែកចាយ​មិន​ផ្តាច់មុខ​នូវ​ផលិតផល ៥ ម៉ាក សរុប​គឺមាន​ផលិតផល និង​ឧបករណ៍​ជាង ៦០ ម៉ាក នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុងនោះ​ក៏​រួមមាន​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន Robert Bosch(បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ក្នុង​ឆ្នាំ ២០១៤)ឧបករណ៍​កសិកម្ម Nikatech ពី​ប្រទេស​ជប៉ុន ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី Nikita, Makita, Maktec, Skill និង​ឧបករណ៍​ឯកទេស​សំណង់ Mikasa ម៉ាស៊ីន និង​ទុយោ​ទឹក Tsurumi និង​ផលិតផល​ជាច្រើន​ទៀត។

ដើម្បី​រក្សា​ភាពជា​អ្នក​នាំមុខ​ក្នុង​ទីផ្សារ ក្រុម​នេះ​បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំងប្រទេស ដែល​រួមមាន​មជ្ឈមណ្ឌល​លក់ និង​អ្នកទទួល​លក់​បន្ត​នៅ​ទូទាំងប្រទេស ដូចជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម​ក្រចេះ និង​ខេត្ត​ព្រះសីហនុ។ លោក ម៉េង រស្មី អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​បាន​នឹង​កំពុង​រៀបចំ​ឃ្លាំង និង​សេវា​ថែទាំ​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ដែល​កាន់​តែមាន​ច្រើន​ខ្លាំង​ឡើង។

ក្នុងឱកាស​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​បើកសម្ពោធ​អាគារ​តាំង​បង្ហាញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​មោទនភាព ដែល​ក្រុមហ៊ុន​របស់​កម្ពុជាបាន​ពង្រីក​ខ្លួន​ឲ្យ​ធំ​ឡើង និង​កាន់កាប់​ចំណែក​ទីផ្សារ​កាន់តែ​ធំ​ឡើង​នៅក្នុង​វិស័យ​នៃ​មុខ​ជំនួញ​របស់ខ្លួន។ ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ​ថា ការចូលរួមចំណែករ​បស់​ក្រុមហ៊ុន​នេះ​នៅក្នុង​សង្គម បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពជា​ដៃគូ​យ៉ាងរឹងមាំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

ឯកឧត្តម​បាន​ថ្លែង​នៅក្នុង​ពិធី​ថា ភាព​រីកចំរើន​របស់​ប្រទេស​កម្ពុជា មិនអាច​សម្រេចបាន​ដោយ​គ្មាន​ការចូលរួមចំណែក​ពី​វិស័យ​ឯកជន​នោះទេ ហើយ​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ គឺជា​ឧទាហរណ៍​មួយ​ស្រាប់។ បន្ថែម​លើ​នេះ​ទៀត ឯកឧត្តម​ចង់​ឲ្យ​ក្រុមហ៊ុន ម៉េង​ ឡេង​អ៊ីវ ​គ្រុប នៅតែ​រីកចម្រើន ដើម្បី​អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស។

- Video Advertisement -