ក្រុមហ៊ុន Emerald+ ទិសដៅនាំមុខក្នុងការគ្រប់គ្រងអចលនទ្រព្យ
ក្រុមហ៊ុន Emerald+ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ បន្ទាប់ពីដំណើរការសាកល្បងប្រាំមួយខែ មានគោលបំណងបង្ហាញខ្លួនឲ្យខុសពីគេ តាមរយៈការធ្វើជាភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាលើកដំបូងដែលមានឯកទេសក្នុងការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិក្ខារប្រកបដោយជំនាញវិជ្ជាជីវៈ។
ក្នុងនាមជាដៃគូរបស់ក្រុមហ៊ុន UEMS Facilities Management Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Emerald+ មានមោទនភាពចំពោះការផ្តល់សេវាកម្មដល់អតិថិជនយ៉ាងល្អប្រសើររបស់ខ្លួនសម្រាប់ការគ្រប់គ្រងអចលនទ្រព្យ កន្លែងការិយាល័យទំនើប បន្ទប់ប្រជុំ បន្ទប់សន្និសិទសម្រាប់ជួល និងកន្លែងសម្រាប់ធ្វើការងារជាមួយគ្នា។
បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងអគារពាណិជ្ជកម្មជាច្រើននៅក្នុងរាជធានីភ្នំពេញរួមមាន ផ្នែកខ្លះនៃអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលការិយាល័យរបស់ក្រុមហ៊ុនមានទីតាំងនៅទីនោះ ហើយក្រុមហ៊ុននេះបានអះអាងថានឹងធ្វើការគ្រប់គ្រងមួយភាគធំនៃទីផ្សារជួលការិយាល័យ ព្រមទាំងធ្វើកិច្ចការជាមួយនឹងឈ្មួញកណ្តាលនៃទីផ្សារខុនដូ និងដីធ្លី។
លោកស្រី ជា សុផាឡា ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា បទពិសោធន៍ការងារ ១៥ឆ្នាំ របស់លោកស្រី ក្នុងការងារដំឡើងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅលើអគារ បានធ្វើឲ្យលោកស្រីមើលឃើញពីសក្តានុពលនៃជំនួញនេះសម្រាប់តម្រូវការសម្រាប់អាគារ។
លោកស្រីបានលើកឡើងផងដែរថា នៅក្នុងប្រទេសថៃ សិង្ហបុរី និងហុងកុង មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជាច្រើន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងមានតិចតួចណាស់ ដែលនេះអាចជាបញ្ហានៅពេលអនាគត នៅពេលដែលអាគារជាច្រើនទៀតត្រូវបានកសាងឡើង។
លោកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីគ្រប់គ្រងទីផ្សារ យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន មានមូលដ្ឋានលើការបង្ហាញដល់អតិថិជនថា ខ្លួនជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានភ្នាក់ងារជំនាញដែលបានទទួលការបណ្តុះបណ្តាលក្រៅប្រទេស ហើយជាក្រុមហ៊ុនដែលតម្រង់ទិសលើគុណភាព។
បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅចុងឆ្នាំ ២០១៥ មានអាគារចំនួន ៦៨៥ ដែលមានកម្ពស់ពី ៥ ទៅ ៥៥ ជាន់នឹងត្រូវបានកសាងឡើង ដែលនេះជាគោលដៅសម្រាប់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ។ ក្នុងឆ្នាំ ២០១៥ តែប៉ុណ្ណោះ មានអគារខុនដូចំនួន ៥៥ ត្រូវបានសាងសង់ឡើង និងមានចំនួន ១៣.៤២៣ បន្ទប់។
តាមលោក Simon Griffiths ភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia ដែលមានឯកទេសក្នុងការគ្រប់គ្រងអចលនទ្រព្យ មើលឃើញសេវាគ្រប់គ្រងអចលនទ្រព្យរបស់ប្រទេសកម្ពុជា ធ្វើការកំណត់ឡើងដោយខ្លួនឯងព្រោះថា មិនមានបទបញ្ញត្តិរឹងមាំក្នុងផ្នែកនេះ និងកង្វះខាតនូវការបណ្តុះបណ្តាល បទពិសោធន៍ និងចំណេះដឹងនៅក្នុងឧស្សាហកម្មនេះ ដែលការណ៍នេះមានផលប៉ះពាល់ទាំងចំពោះអ្នកអភិវឌ្ឍន៍ និងការគ្រប់គ្រងអចលនទ្រព្យ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្នុងឆ្នាំ ២០១៤ ថា លោកសង្ឃឹមថាកម្លាំងទីផ្សារនឹងបន្តជំរុញឲ្យមានស្តង់ដារ និងគុណភាពក្នុងរឿងសំខាន់ ដូចជាការការពារអគ្គីភ័យ សុខភាព និងសុវត្ថិភាព។ លោកបានបន្ថែមទៀតថា អ្នកអភិវឌ្ឍន៍ច្រើនឡើងៗ នឹងមើលឃើញការគ្រប់គ្រងអចលនទ្រព្យជាវិធីមួយដើម្បីពង្រីកផលប្រយោជន៍ក្នុងការប្រកួតប្រជែងវិស័យអចលនទ្រព្យ មិនមែនគ្រាន់តែជាវិធីដើម្បីធ្វើឲ្យបានប្រាក់ចំណេញរយៈពេលខ្លីមួយប៉ុណ្ណោះទេ៕

