ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជិត១តោន ក្នុងរយៈពេល ៤ ខែ
ក្នុងរយៈពេលជាង៤ខែ នេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance Limited (Cambodia) ដែលកំពុងរុករកមាសនៅខេត្តមណ្ឌលគីរី ចម្រាញ់រ៉ែមាសបានជិត ១តោន ។
បរិមាណចម្រាញ់រ៉ែមាសនេះ ត្រូវបានបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិត ១តោនហើយ ដោយនឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត»។
គួរបញ្ជាក់ថា កម្ពុជាបានបើកដំណើរផលិតកម្មចម្រាញ់រ៉ែមាសលក្ខណៈអាជីវកម្មជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងក្រុមហ៊ុនអូស្រ្ដាលីមួយនេះ ព្យាករថានឹងអាចចម្រាញ់រ៉ែមាសបាន ប្រមាណ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)

