ក្រោយសម្រេចបានកំណើនពាណិជ្ជកម្ម ១៨២% ជាមួយអាស៊ាន ចិនបានយកខេត្តក្វាងស៊ីធ្វើជាមជ្ឈមណ្ឌលឌីជីថលនៃគម្រោងតភ្ជាប់ឌីជីថលនៅអាស៊ី

តំបន់ស្វយ័តខេត្តក្វាងស៊ីរបស់ចិន កំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្លាយជាផ្លូវសូត្រឌីជីថល (Digital Silk Road) ដែលជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានតាមរយៈគម្រោងបង្កើត កំពង់ផែព័ត៌មានចិន-អាស៊ាន។ ប្រភពព័ត៌មានផ្លូវការពីមន្ត្រីជាន់ខ្ពស់ចិន បានឱ្យដឹងថា តំបន់ស្វយ័តនេះ សម្រេចបាននូវកំណើនពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១៨២% នៃអត្រាប្រចាំឆ្នាំជាមួយប្រទេសអាស៊ាន  ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលតួលេខនេះ គឺលើសពីកម្រិតកំណើនពាណិជ្ជកម្មថ្នាក់ជាតិជាមធ្យម ដែលមានចំនួនតែ ១២,៩ ភាគរយប៉ុណ្ណោះ ហើយកំណើននេះ ជំរុញដោយលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលមានលក្ខណៈកាន់តែរលូនជាងមុន  នេះបើយោងតាម Chinadaily ចុះផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។

លោក Zhao Zhigang លេខាបក្សនៃការិយាល័យអភិវឌ្ឍន៍ទិន្នន័យធំប្រចាំខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា តម្លៃបន្ថែមក្នុងការបញ្ជូនព័ត៌មាន កម្មវិធីសូហ្វវ៊ែរ និងសេវាកម្ម IT បានកើនឡើង ១០,៨% ដែលរួមចំណែកបានចំនួនប្រមាណ ១១,៧៩% ដល់ GDP របស់ខេត្តក្វាងស៊ីទាំងមូល។ ជាអាទិភាពយុទ្ធសាស្ត្រជាតិ តំបន់ក្វាងស៊ី កំពុងជំរុញយ៉ាងសកម្មនូវលំហូរទិន្នន័យឆ្លងព្រំដែន ក្រោមគំនិតផ្តួចផ្តើមចរចាដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.0។

តាមពិតទៅ ក្នុងរយៈកាលកន្លងមក តំបន់​នេះ ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​សហការ​ជា​ច្រើន​ជាមួយ​ប្រទេស​អាស៊ាន​រួច​ហើយ។ គំនិតផ្តួចផ្តើមទាំងនេះ រួមមានការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយឡាវ ដើម្បីបង្កើនសេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការកម្មវិធីផ្កាយរណប និងការបង្ហាញគំរូផ្លូវច្បាប់ចិន-អាស៊ានដំបូង ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បណ្តាប្រទេសអាស៊ានជាដើម។

ការពង្រឹងការតភ្ជាប់បន្ថែមទៀត ជាមួយនឹងទីក្រុងណាននីងរបស់ខេត្តក្វាងស៊ី បានបង្កើតការិយាល័យនាំចូល និងនាំចេញផ្នែកទំនាក់ទំនងអន្តរជាតិពេញលេញនៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងលំដាប់ទីបួនរបស់ប្រទេសចិនដែលមានសមត្ថភាពអាចសម្រេ​ចបាននូវវឌ្ឍនភាពនិងសមាហរកម្មកម្រិតនេះបាន។ លទ្ធផលនេះ បានពង្រឹងទំនាក់ទំនង និងការតភ្ជាប់ពាណិជ្ជកម្មរបស់ខេត្តក្វាងស៊ីយ៉ាងច្រើនបន្ថែមទៀត ជាមួយទីផ្សារអាស៊ាន។

ចំពោះផែនការទៅមុខ លោក Zhao បានកំណត់វិស័យអាទិភាពចំនួនពីរសម្រាប់ការធ្វើសមាហរណកម្មឌីជីថលរបស់ខេត្តក្វាងស៊ី៖

  1. មជ្ឈមណ្ឌលទូរគមនាគមន៍អន្តរជាតិណាននីង៖ គ្រោងនឹងដំណើរការនៅឆ្នាំ ២០២៥ មជ្ឈមណ្ឌលនេះនឹងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មឆ្លងព្រំដែនដ៏រឹងមាំដែលលើកកម្ពស់ឧស្សាហកម្មចំនួន ២៦ ដោយផ្តោតលើហិរញ្ញវត្ថុឆ្លងព្រំដែន និងកីឡាអេឡិចត្រូនិក។ ក្រុមហ៊ុនឈានមុខគេ ដូចជាក្រុមហ៊ុន China Mobile និងក្រុមហ៊ុន Huawei ត្រូវបានលើកទឹកចិត្តឱ្យដឹកនាំគំនិតផ្តួចផ្តើមគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនានា ក្រោមក្របខណ្ឌនេះ។
  2. តំបន់សាកល្បងលំហូរទិន្នន័យឆ្លងព្រំដែន៖ ខេត្តក្វាងស៊ី មានគោលបំណងបង្កើតមជ្ឈមណ្ឌលផ្លាស់ប្តូរទិន្នន័យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដែលបម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា ភស្តុភារ និងពាណិជ្ជកម្មអេឡិចត្រូនិក។ តំបន់នេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងទិន្នន័យដែលមានប្រេកង់ខ្ពស់ និងជាប្រភេទទិន្នន័យដែលមានលក្ខណៈមិនរសើប គាំទ្រដល់ការពង្រីកឧស្សាហកម្មឆ្លងដែន។

គំនិតផ្តួចផ្តើម ផ្លូវសូត្រឌីជីថល បានប្រែក្លាយខេត្តក្វាងស៊ីជាច្រកទ្វារដ៏សំខាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចរបស់ចិនជាមួយអាស៊ាន ដោយប្រើប្រាស់ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន និងជំរុញកំណើនប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចឌីជីថល។ យុទ្ធសាស្ត្រនេះ ស្របទៅនឹងគោលដៅរួមរបស់ប្រទេសចិន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យឌីជីថល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តា […]

ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែប […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែ […]