ខេត្តកែប រៀបចំធ្វើកំពង់ផែទេសចរណ៍ និងត្រៀមពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត
អភិបាលខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ និងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដែលឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ នេះបើយើងតាម ការចុះផ្សាយជាផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃ ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ។
ចំពោះគម្រោងពង្រីកឆ្នេរកន្លែងនោះរួមមាន ទី១ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា ៣ គីឡូម៉ែត្រ (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) ។ ទី២ គឺគម្រោងពង្រីកឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ប្រវែង ៣ គីឡូកន្លះ ឱ្យមានលក្ខណៈធម្មជាតិ។ នេះបើយោងតាម លោក កែន សត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្តស្ដីពីវឌ្ឍភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០នេះ។
លោកបានបន្ថែមថា ក្រៅអំពីគម្រោងពង្រីកឆ្នេរខ្សាច់ខាងលើ ក្រសួងទេសចរណ៍ក៏មានគម្រោងបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចមួយថ្មី នៅលើកោះទន្សាយផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏មានផែនការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀត ជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនេះផងដែរ។
ដោយសារគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទាំងនេះ ស្ថិតក្នុងដំណាក់កាលកំពុងតែសិក្សា ដូច្នេះ គេនៅពុំទាន់អាចប៉ាន់ស្មានតម្លៃគម្រោងបានច្បាស់នៅឡើយ។
គម្រោងកំពង់ផែថ្មីនៅកោះទន្សាយ និងពង្រីកឆ្នេរបន្ថែមនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដែលផែនការមេនេះត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ ក្នុងការរៀបចំ និងអនុវត្តផែនការមេនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
ការរៀបចំប្រព័ន្ធនគរូបនីយកម្មខេត្ត តាមផែនការមេទេសចរណ៍នេះ ផ្តោតសំខាន់លើអន្តរវិស័យជាច្រើន ដូចជាការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែងនៅក្នុងខេត្តតែម្តង។ បើតាមប្រសាសន៍ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅខេត្តកំពត ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនឹងគ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលមានចំណាយទឹកប្រាក់ប្រមាណជាង ៨,៤៨លានដុល្លារអាមេរិកក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕ (អានបន្ថែម)


