ខេត្តសៀមរាបត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២

ខេត្តសៀមរាបកំពុងត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈបច្ចុប្បន្នក្រុមការងារកំពុងចងក្រងឯកសារដើម្បីដាក់ស្នើ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។

លោក ង៉ូវ សេងកាក់ ប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប បានឱ្យដឹងថា ការប្រជុំចងក្រងឯកសារនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើសូចនាករ នីតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣។

លោកបន្តថា រដ្ឋបាលខេត្តសៀមរាបយល់ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ ទាំង៤១ នៅទូទាំងប្រទេស។

ការរៀបចំបង្កើតនូវការប្រឡងប្រណាំងទីក្រុងស្អាត ក៏បានជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីក្រុង ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់។

គួរបញ្ជាក់ថា ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣នេះ មានសុពលភាព៣ឆ្នាំ ដោយគិតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥ ហើយគណៈកម្មាធិការបានកំណត់យកការបរិច្ឆេទនៃការដាក់ពាក្យតាមប្រព័ន្ឋអនឡាញចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងចុះវាយតម្លៃទីតាំងជាក់ស្តែង ចន្លោះពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

គួររម្លឹកដែរថា កាលនៅឆ្នាំ២០១៨កន្លងទៅ ខេត្តសៀមរាប ទទួលបានពានរង្វាន់ផ្ការំដួល៣ទង ពីចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ៕

- Video Advertisement -