គណៈកម្មាការផ្តល់អាទិភាពក្រមសីលធម៌ស្តង់ដារក្នុងការវាយតម្លៃ
សភាធុរកិច្ចអន្តរជាតិ (IBC) និងវិទ្យាស្ថាន Royal Institute of Chartered Surveyors (RICS) បាន ជាម្ចាស់ផ្ទះរៀបចំអាហារថ្ងៃត្រង់ស្តីពីធុរកិច្ចមួយនៅថ្ងៃអង្គារទី 19 ខែ មេសា ដោយផ្តោតទៅលើប្រធានបទស្តីពីការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងលើកឡើងពីបញ្ហាចន្លោះប្រហោងនាពេលបច្ចុប្បន្ននេះ។ វាគ្មិនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន លោក Salim Aslam ប្រធានគ្រប់គ្រងអាស៊ានរបស់RICS លោក គឹម ហៀង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) និងលោក Ross Wheble នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank។ ការពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោក David Marshall ប្រធានអង្គភាពហិរញ្ញវត្ថុនៃធនាគារ ANZ Royal។
ការពិភាក្សាយ៉ាងរស់រវើកនេះផ្តោតលើតម្រូវការខាងក្រមសីលធម៍ ស្តង់ដា សំណងធានារ៉ាប់រង និងការអប់រំ។ លោក Salim Aslam បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា “កាលណាអ្នកមានតម្លាភាពតិចនោះក្រមសីលធម៌វិជ្ជាជីវៈក្នុងការអនុវត្តរបស់អ្នកក៏មានតិច ហើយហានិភ័យក៏មានខ្ពស់។
កាលណាហានិភ័យកាន់តែខ្ពស់ នោះតម្លៃទ្រព្យសកម្មក៏កាន់តែទាប ហើយតម្លៃទ្រព្យសម្បត្ដិក៏កាន់តែទាប។” លោកបានបន្ថែមថា “ប្រាក់ធានាហានិភ័យមានតម្លៃខ្ពស់នៅទីនេះដោយសារតែកង្វះភាពច្បាស់លាស់ ហើយតម្លាភាព និងស្តង់ដារ ត្រូវតែជាចំបងជានិច្ចនៅក្នុងចិត្តអ្នករាល់គ្នា។”
ទោះបីជាមិនមានការព្រមព្រៀងគ្នាលើគ្រប់ចំណុចទាំងអស់ ក៏ក្រុមនេះបានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយលើតម្រូវការក្នុងការធ្វើឲ្យប្រសើរឡើងនូវការអប់រំ និងការកសាងសមត្ថភាពក្នុងចំណោមធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យអចលនទ្រព្យនេះ។
លោក គីម ហៀង ប្រធាន CVEA បានរំលឹកពីចេតនារបស់លោកក្នុងការបង្កើតក្របខ័ណ្ឌអប់រំ ក្នុងភាពជាដៃគូជាមួយស្ថាប័នអន្តរជាតិ ដើម្បីបង្កើនឱកាសការងារ និងស្តង់ដាសម្រាប់អ្នកនៅក្នុងវិស័យអចលនទ្រព្យ។
លោក Ross Wheble បានថ្លែងថា: “មិនមានសញ្ញបត្រ ឬគុណវុឌ្ឍដែលទាក់ទងនឹងអចលនទ្រព្យនៅទីនេះទេ ដូច្នេះហើយវាជាបញ្ហាក្នុងការវាយតម្លៃស្របតាមកម្រិតស្ដង់ដារអន្ដរជាតិមួយ។ អ្វីដែលយើងត្រូវលើកកម្ពស់នោះគឺអាជីពក្នុងវិស័យអចលនទ្រព្យ ឲ្យក្លាយជាជំនាញវិជ្ជាជីវៈរយៈពេលវែង ដើម្បីបង្កើតឲ្យមានតម្រូវការវគ្គសិក្សាក្នុងផ្នែកអចលនទ្រព្យ។”
លោក Aslam បានលើកឡើងថា “សម្រាប់ប្រទេសដែលហាក់នឹងឈានទៅរកជោគជ័យដូចជាប្រទេសកម្ពុជា ការដែលមានអ្នកជំនាញរៀនពីការអនុវត្តល្អបំផុតជាអន្តរជាតិគ្រប់គ្រាន់នោះ គឺជាអ្វីដែលត្រូវខិតខំធ្វើ “។
លោកបានទទួលស្គាល់ថា កម្ពុជាគឺជាទីផ្សារវ័យក្មេងនៅឡើយ ហើយបានព្រមានថាប្រសិនបើស្ថាប័នក្នុងស្រុកមិនបានជំរុញឲ្យមានស្ដង់ដារដែលពាក់ព័ន្ធនឹងវិស័យនេះនោះនឹងមានហានិភ័យ ហើយអ្នកផ្សេងក៏នឹងអាចមានដូចគ្នា។
“បើគ្មានការខិតខំប្រឹងប្រែងកសាងសមត្ថភាពនោះទេ នឹងមិនមានអ្នកជំនាញគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការបន្ទាន់ និងសម្រេចគម្រោងពេញលេញទាន់ពេលវេលាឡើយ។”

