គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង
ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យឧស្សាហកម្មសំណង់អគារនៅប្រទេសចិន និងនៅអាស៊ាន គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មសំណង់ចិន-អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា។
គណៈកម្មាធិការនេះគឺជាក្រុមឧស្សាហកម្មសំណង់ទី ៤ ដែលមានវិសាលភាពលើតំបន់ទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងក្រុមហ៊ុនដែលទាក់ទងនឹងការសាងសង់របស់ចិន និងអាស៊ាន។ គណៈកម្មាធិការនេះបង្កើតឡើងបន្ទាប់ពីគណៈកម្មាធិការសហប្រតិបត្តិការសម្ភារសាងសង់ចិន-អាស៊ាន (បង្កើតនៅឆ្នាំ ២០១៥) ព្រមទាំងក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងសមាគមធុរកិច្ចចិន-អាស៊ាន (បង្កើតនៅឆ្នាំ ២០១៤)។
គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មសំណង់ចិន-អាស៊ាន គឺជាអង្គការធុរកិច្ចមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងសម្រាប់ឧស្សាហកម្មសំណង់ចិន និងអាស៊ាន។ វាត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងសមាគមធុរកិច្ចចិន-អាស៊ាន ដែលមានការទទួលខុសត្រូវរួមគ្នាសម្រាប់ការគ្រប់គ្រងគណៈកម្មាធិការនេះ។
គណៈកម្មាធិការនេះមានសហប្រធានពីរ ដោយក្នុងនោះម្នាក់ជាភាគីចិន និងម្នាក់ទៀតជាភាគីអាស៊ាន និងប្រើភាសាអង់គ្លេសជាភាសាប្រតិបត្តិការ។ លេខាធិការដ្ឋានចិនរបស់គណៈកម្មាធិការនេះមានមូលដ្ឋាននៅក្នុងសមាគមឧស្សាហកម្មសំណង់ Nantong ហើយបំពេញការងារនៅក្រោមការគ្រប់គ្រងរបស់ប្រធានជាភាគីចិន។
ដោយសារតែប្រទេសប្រ៊ុយណេត្រូវបានតែងតាំងជាសហប្រធានសម្រាប់ភាគីអាស៊ាននៅឆ្នាំនេះ ដូចនេះកម្ពុជានឹងត្រូវបានតែងតាំងជាសហប្រធានសម្រាប់ឆ្នាំ ២០១៧។
លោកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលបានចុះហត្ថលេខាចូលជាសមាជិកតំណាងឲ្យកម្ពុជានោះបានលើកឡើងថា “ខ្ញុំសង្ឃឹមថាប្រទេសចិនអាចជួយប្រទេសកម្ពុជា ដែលជាសមាជិកអាស៊ានមានការអភិវឌ្ឍន៍តិចតួច ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយលើកទឹកចិត្តដល់ក្រុមហ៊ុនចិន អ្នកសាងសង់ចិនព្រមទាំងអ្នកផលិត និងផ្គត់ផ្គង់សម្ភារសាងសង់ចិន ឲ្យបន្ថែមការស្វែងយល់ពីឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា និងវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងសាងសង់នៅកម្ពុជា”។
ដោយផ្អែកលើអនុស្សរណៈយោគយល់គ្នា គណៈកម្មាធិការនេះនឹងមានក្រុមហ៊ុនជាសមាជិកចំនួន ៥០ សម្រាប់ដំណាក់កាលដំបូង ដោយក្នុងនោះមានក្រុមហ៊ុនចិនចំនួន ២០ និងក្រុមហ៊ុន ៣០ ផ្សេងទៀតមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន (ក្រុមហ៊ុន ៣ សម្រាប់ប្រទេសនីមួយ)។ រហូតមកទល់ពេលនេះ មានតែប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌូនេស៊ី និងវៀតណាមប៉ុណ្ណោះដែលជាសមាជិកនៃគណៈកម្មាធិការនេះ ខណៈដែលប្រទេសជាសមាជិកអាស៊ានផ្សេងទៀតកំពុងនៅពិចារណានៅឡើយ។
នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការឧស្សាហកម្មសំណង់ចិន-អាស៊ាន និងពិធីសម្ពោធ ភាគីបានព្រមព្រៀងគ្នាលើ “កិច្ចព្រមព្រៀង Nantong” ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះលើវិស័យសំណង់រវាងចិន និងអាស៊ាន។ ភាគីចិន និងអាស៊ាន ក៏បានចុះអនុស្សរណៈយោគយល់គ្នាមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងទីផ្សារសំណង់ផងដែរ។
បន្ទាប់ពីបានចូលរួមនៅក្នុងគណៈកម្មាធិការនេះ កម្ពុជារំពឹងថានឹងទទួលបានកម្ចីរាប់ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនានា។ អនុប្រធាន CCA លោកឧកញ៉ា ហាន់ ឃាង បានឱ្យដឹងថា កម្ពុជារំពឹងថានឹងទទួលបានកម្ចីរហូតដល់ទៅ ១ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ពីមូលនិធិដែលគណៈកម្មាធិការនេះបានគ្រោងសម្រាប់ប្រើប្រាស់ដើម្បីគាំទ្រដល់សមាជិកដែលជាប្រទេសអាស៊ាន។
លោកបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យឲ្យដឹងថា “ប្រាក់កម្ចីនេះគឺសម្រាប់គម្រោងដែលទាក់ទងនឹងការសាងសង់រួមទាំងគម្រោងបៃតង និងកែច្នៃថាមពលឡើងវិញ ដែលស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា ឬដោយក្រុមហ៊ុនក្នុងស្រុកដែលជាសមាជិករបស់គណៈកម្មាធិការសាងសង់ចិន-អាស៊ាន”។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្ននេះមានក្រុមហ៊ុនដែលរកស៊ីពាក់ព័ន្ធនឹងវិស័យសំណង់របស់ប្រទេសចិនចំនួន ៨៦ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ មានក្រុមហ៊ុនសំណង់ចំនួន ៥៨ មកពីប្រទេសអាស៊ាន រួមមានក្រុមហ៊ុនចំនួន ២៨ មកពីប្រទេសវៀតណាម ក្រុមហ៊ុនចំនួន ១៣ មកពីប្រទេសថៃ ក្រុមហ៊ុនចំនួន ១២ មកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនចំនួន ៥ មកពីប្រទេសសិង្ហបុរី។ ជាសរុបមានក្រុមហ៊ុនចំនួន ៥១៦ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ចំពោះការវិនិយោគបរទេសលើវិស័យសំណង់នៅកម្ពុជា ប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់កំពូល និងប្រទេសចិនជាប់ចំណាត់ថ្នាក់ទីពីរ បើទោះបីជាប្រទេសចិនគួរតែជាប្រទេសលំដាប់ទីមួយ ប្រសិនបើជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលចិនត្រូវបានរាប់បញ្ចូល។ ប្រទេសកម្ពុជាបានចូលរួមជាសមាជិកគណៈកម្មាធិការសហប្រតិបត្តិការសម្ភារសំណង់ចិន-អាស៊ានកាលពីឆ្នាំមុនហើយត្រូវបានតែងតាំងជាសហប្រធានសម្រាប់ភាគីខាងអាស៊ាន។

