គម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត ៧៤% ហើយ
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៣,៧០% ហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា នេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបាន ៧៣,៧០%នេះ គឺជាផ្លូវក្រវាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គម ទទឹង ២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេ៉ កម្រាស់ ២២សម។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ ផ្លូវក្រវាត់ក្រុងទី៣ មួយខ្សែនេះមានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។
ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។
គួរបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នេះ រដ្ឋាភិបាលក៏មានផែនការសង់សាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ត្រើយខាងកើតផងដែរ ដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់តែម្តង។ (អានបន្ថែម)

