គម្រោងផ្លូវល្បឿនលឿនលើអាកាសទៅព្រលានភ្នំពេញថ្មីផ្អាកសិន តែនឹងសង់ផ្លូវធម្មតាលើដីជំនួសវិញ

ក្រុមហ៊ុន OCIC កំពុងសិក្សាលទ្ធភាពសាងសង់កំណាត់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានភ្នំពេញថ្មី ខណៈគម្រោងផ្លូវល្បឿនលឿនលើអាកាសអាចនឹងត្រូវពន្យារសិន ឬសាងសង់តាមក្រោយ នៅពេលផ្លូវធម្មតាលើដីមានកំណើនចរាចរណ៍ច្រើន។

នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដោយបញ្ជាក់ថា គម្រោងនេះ ជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ក្រុមហ៊ុន OCIC។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ក្រុមហ៊ុនបានប្រាប់ថា កំពុងសិក្សា…គាត់អត់ទាន់ធ្វើដល់ផ្លូវរត់លើអាកាសទេ គាត់ធ្វើផ្លូវរត់លើដីសិន ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ទៅAirportមុន ដូច្នេះយើងអាចប្រើប្រាស់ផ្លូវ៦០ម៉ែត្រ រួចឆ្លងផ្លូវជាតិលេខ២ ចូលទៅផ្លូវកាត់តែម្តង»។

ឯកឧត្តម បន្ដថា ដំណាក់កាលទី២ គឺជាគម្រោងសាងសង់ផ្លូវលើអាកាស តែនឹងធ្វើនៅពេលដែលមានកំណើនចរាចរណ៍ច្រើនរវាងព្រលានថ្មី និងរាជធានីភ្នំពេញ តែត្រង់ចំណុចខ្លះក៏មានផ្លូវរត់លើដីផងដែរ។

សូមបញ្ជាក់ថា គម្រោងកសាងអាកាសយានដ្ឋានភ្នំពេញថ្មី មកទល់បច្ចុប្បន្នសម្រេចបានការសាងសង់បានប្រមាណ ២៦% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ OCIC ផ្ទាល់កាលពីដើមសប្ដាហ៍នេះ ខណៈទឹកប្រាក់ប្រមាណជាង ៣៤០លានដុល្លារ ក៏ត្រូវបានចាក់បញ្ចូលក្នុងគម្រោងរួចមកហើយ ដោយមិនរាប់បញ្ជូលតម្លៃដី៕

 

- Video Advertisement -