គម្រោងពង្រីកឆ្នេរ ២៧០០ ម៉ែត្រ នៅខេត្តកែប បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ត

គម្រោងពង្រីកឆ្នេរថ្មី ប្រវែង ២៧០០ ម៉ែត្រ នឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃចូលឆ្នាំថ្មី ខាងមុខនេះហើយ បើទោះបីជាការចាក់ដី និងការងារដាំដើមឈើ និងការងារសួនច្បារ មិនទាន់ចប់ទាំងស្រុងក្តី។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា នេះថា ការងារចាក់បំពេញដី និងធ្វើផ្លូវបេតុងនៅតំបន់ឆ្នេរខ្សាច់នេះ សម្រេចបាន ១០០ ភាគរយ។

ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា៖ “គម្រោងនេះ មិនទាន់ហើយទាំងស្រុងទេ នៅការងារបូមខ្សាច់ ដាំដើមឈើ និងសួនច្បារ។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរជាតិ អន្តរជាតិអាចចូលសម្រាក លំហែ កម្សាន្តបាន”។

បើតាមឯកឧត្តម សោម ពិសិដ្ឋ កន្លងមកមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទៅកម្សាន្តលើឆ្នេរថ្មីនេះជាបន្តបន្ទាប់។

គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។ (អានបន្ថែម)

- Video Advertisement -