គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់សម្រេចបាន ៤៦%, ៣៨% និង ៩៧% ហើយ
មកទល់បច្ចុប្បន្ន ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% កំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨% និងកំណាត់ខាងជើងបាត់ដំបង-បន្ទាយមានជ័យ សម្រេច ៩៧,៣០%។
នេះបើតាមកិច្ចប្រជុំ រវាងគណៈកម្មការវិចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១ មិថុនា កន្លងមកនេះ។
ជាក់ស្ដែង គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបើកឯកសារដេញថ្លៃការងារសាងសង់កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត (៣៤គ.ម) និងការដេញថ្លៃកញ្ចប់ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប AI ដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ ៥ នេះផងដែរ ក្រោយបញ្ចប់ការស្ថាបនា។ (អានបន្ថែម)
បច្ចេកវិទ្យាដែលក្រសួងគ្រោងនឹងប្រើប្រាស់ គឺប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System។ ប្រព័ន្ធនេះគឺងាយស្រួល ដោយគ្រាន់តែជិះកាត់ ពួកគាត់នឹងដឹងពីទម្ងន់យានយន្តផ្លូវភ្លាមៗតែម្ដង។

