គម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង ស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ ដោយនីតិវិធីគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម បានឱ្យដឹងថាកាលពីថ្ងៃទី ៣ មីនា កន្លងមកនេះថា គម្រោងស្តារផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់កម្ចីកូរ៉េខាងត្បូង។ នៅពេលបញ្ចប់នីតិវិធីដេញថ្លៃ ក្រសួងនឹងបញ្ជូនឯកសារដេញថ្លៃ ទៅភាគីកូរ៉េខាងត្បូងសិន មុននឹងចាប់ផ្ដើមសាងសង់។
ឯកឧត្តមថ្លែងថា៖ «បន្ទាប់ពីការដាក់ដេញថ្លៃ ក៏នៅមានការពិភាក្សាបន្ថែមទៀតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ មុននឹងបញ្ជូនទៅភាគីកូរ៉េ»។
ឯកឧត្តមបានបន្ថែមទៀតថា៖ «នេះជាគម្រោងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត តាមរយៈសម្រួលការដឹកជញ្ជូនកសិផលទៅកាន់ច្រកនាំចេញ និង កំពង់ផែសមុទ្រ» ។
គួរបញ្ជាក់ផងដែរថា កំណាត់ដែលនឹងត្រូវជួសជុលមានប្រវែង ១៦០ គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ទីរួមខេត្តកោះកុង ដែលខូចខាតធ្ងន់ដោយសារទឹកជំនន់កន្លងមកនេះ។
គម្រោងនេះនឹងចំណាយថវិកាប្រមាណ ៧៥ លានដុល្លារ ដោយក្នុងនោះ ៦៧ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និងប្រមាណ ៨ លានដុល្លារទៀត ជាថវិកាបដិភាគរដ្ឋាភិបាល។ (អានបន្ថែម)
ផ្លូវជាតិមួយខ្សែនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានគុណភាពខ្ពស់ជាងមុន។

