គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK វិនិយោគ ១លានដុល្លារ នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ ដែលចេញដោយ ក្រុមហ៊ុន CAIC នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
អត្រាការប្រាក់ របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ “គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជម្រុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនក្នុងប្រទេសកម្ពុជា។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។
- Video Advertisement -