គ្រុបតេឡេក្រាមថ្មីនឹងជួយផ្សព្វផ្សាយកិច្ចការងាររបស់សមាជិកសមាគមអ្នកសាងសង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA បានបង្កើតគ្រុបតេឡេក្រាមថ្មីមួយ ក្នុងគោលបំណង ជួយផ្សព្វផ្សាយកិច្ចការងារ និងអាជីវកម្មរបស់សមាជិក ជាពិសេសក្នុងអំឡុងពេលកូវីដ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ នេះ សមាគមកំពុង ព្យាយាមធ្វើយ៉ាងណាដើម្បីជួយសមាជិករបស់ខ្លួនតាមរយៈការបង្កើតគ្រុបតេឡេក្រាមនេះ។
លោក ជីវ ស៊ីវផេង បានឱ្យដឹងថា៖ «គ្រុបនេះអនុញ្ញាតឲ្យសមាជិកនីមួយៗអាចផ្ញើព័ត៌មានអំពីក្រុមហ៊ុនខ្លួន ឬព័ត៌មានអំពីផលិតផលនានា។ ក្រោយពីប្រមូលព័ត៌មានក្រោមទម្រង់ជា វីដេអូ អត្ថបទ ខិតបណ្ណផ្សព្វផ្សាយនានា សមាគមនឹងធ្វើការពិនិត្យព័ត៌មានទាំងនោះ រួចនឹងចែកចាយបន្ត»។
លោក បន្តថា៖ «សមាគមនឹងផ្សព្វផ្សាយព័ត៌មានទំាងនោះនៅលើបណ្តាញសង្គមដូចជា ទំព័រហ្វេសប៊ុករបស់ សមាគម យូធ្យូប និងតេឡេក្រាមជាដើម ដើម្បីអាចឱ្យព័ត៌មានទាំងនោះ ទៅដល់អតិថិជន កាន់តែច្រើន»។
លោក ស៊ីវផេង បានបន្តថា សមាគមក៏នឹងផ្តល់ព័ត៌មានទាក់ទងនឹងគម្រោងសាងសង់នានាដល់សមាជិករបស់ខ្លួនផងដែរ ដូចនេះ ពួកគាត់អាចទាក់ទងទៅកាន់ម្ចាស់គម្រោងផ្ទាល់ដើម្បីជជែក និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។
គ្រុបនេះ គឺសម្រាប់សមាជិករបស់សមាគមអ្នកសាងសង់កម្ពុជាប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សមាគមមានសមាជិកប្រមាណជា ១៤១ ក្រុមហ៊ុនទំាងក្នុងនិងក្រៅស្រុក ដែលរួមមានក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ និងក្រុមហ៊ុនជាច្រើនទៀត។

