ចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង

រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។

រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទី ឬពីទីក្រុង Lhasa ទៅទីក្រុង Nyingchi ដោយប្រើពេលត្រឹម ៣ម៉ោង កន្លះប៉ុណ្ណោះ។

ជាង ៩០% នៃផ្លូវដែកនេះ គឺស្ថិតនៅកម្ពស់ប្រមាណ ៣.០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ការស្ថាបនាផ្លូវដែកនេះ បានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ដោយផ្លូវទាំងមូលត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២០ ។

ផ្លូវដែក Lhasa-Nyingchi គឺជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿនខ្សែធំ Sichuan-Tibet ដែលកំពុងសាងសង់។ គម្រោងនេះ ក៏តភ្ជាប់នឹងផ្លូវដែកខេត្តយូណាន និងទីបេផងដែរ។

រូបថត៖ SCMP

- Video Advertisement -