ចំណតរថយន្តក្រុងឆ្លាតវៃនៅភ្នំពេញ មាន ៣ប្រភេទ ទំនើបម្យ៉ាងម្នាក់ ជប៉ុននឹងបញ្ចប់ការសិក្សាខែមីនា
ការសិក្សាលទ្ធភាពនៃការបង្កើតចំណតឡានក្រុងឆ្លាតវៃនៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន កំពុងបន្តដោយរលូន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំនេះ។
វឌ្ឍនភាពនៃការសិក្សានេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំវេទិកាសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង កម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ។
គម្រោងចំណតរថយន្តក្រុងឆ្លាតវៃ ស្ថិតក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT)។ ការសិក្សាបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ ២០២១ ដោយក្រុមហ៊ុនជប៉ុនចំនួន ៣។
យោងតាមការសិក្សាជាបឋម ចំណតក្រុងឆ្លាតវៃអាចនឹងមាន ៣ ប្រភេទខុសគ្នា ដែលនឹងសង់តាមទីតាំងសំខាន់ៗនានានៅជុំវិញទីក្រុងភ្នំពេញ ហើយទីតាំងមួយណានឹងមានចំណតបែបណាគឺអាស្រ័យលើតម្រូវការជាក់ស្តែង។
ចំណតឆ្លាតវៃប្រភេទទី ១ ជាកម្រិតខ្ពស់ ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយ ដូចជាប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុង ពេលវេលាមកដល់ ឧបករណ៍បង្ហាញអាកាសធាតុ និងកង់អគ្គិសនីសាធារណៈ ។
ដោយឡែក ចំណតឆ្លាតវៃប្រភេទទី ២ ជាកម្រិតមធ្យមដែលមានហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជាកន្លែងអង្គុយរងចាំ និងប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុងជាដើម។
ចំណតទាំង ២ ប្រភេទនេះ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាមេរ៉ាឆ្លាតវៃ ភ្លើងបំភ្លឺឆ្លាតវៃ wifi និងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប្រកាសព័ត៌មានឌីជីថល។
ដោយឡែក ប្រភេទទី៣ គឺគ្រាន់តែបញ្ជរចំណតរថយន្តក្រុងធម្មតាតែប៉ុណ្ណោះ។

