ឆ្នេរជាង ២១ ០០០ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ ត្រូវបានលើកកម្ពស់
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មកទល់បច្ចុប្បន្ន បានរៀបចំកែលម្អឆ្នេរសមុទ្រសរុបជាង ២១ ០០០ ម៉ែត្រ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជុំវិញឆ្នេរប្រមាណជិត ២០កន្លែង នៅខេត្តព្រះសីហនុ ក្នុងទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមក្រោយវិបត្តិកូវីដ។
គណៈកម្មាធិការបានបង្ហាញវឌ្ឍនភាពការងារទាំងនេះក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ។
ទាក់ទងនឹងការងាររៀបចំឆ្នេរ ការងារធំគឺបែងចែកជាពីរ ទី១គឺការរៀបចំកែលម្អឆ្នេរសមុទ្រ ប្រវែងសរុប ១៨ ៨៧៤ ម៉ែត្រ ចាប់ពីឆ្នេរសុខា ដល់ឆ្នេររាមឱ្យមានសោភ័ណភាពឡើងវិញ និង ទី២ ការបើកឆ្នេរសមុទ្រថ្មី ចំនួន៣ទីតាំង ដែលមានប្រវែងសរុប ៣ ១៣៤ ម៉ែត្រ។
ឆ្នេរសមុទ្រ៣ទីតាំង នេះរួមាន ឆ្នេរពយតាមួង ប្រវែង ១ ០៣៤ ម៉ែត្រ ឆ្នេរពយអូរឈើទាល ប្រវែង ២៤២ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅ ប្រវែង ១ ៨៥០ ម៉ែត្រ។
ដោយឡែក សម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធវិញ ក្រៅពីគម្រោងផ្លូវ ៣៤ខ្សែ និង ១១ខ្សែ ដែលកំពុងអភិវឌ្ឍដោយរដ្ឋាភិបាល គណៈកម្មាធិការក៏បានស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែ ប្រវែងសរុបជាង ២៤០០ម៉ែត្រ ស្ពាន ៨ទីតាំង និងស្ដារអូរធម្មជាតិ ៦កន្លែង ផងដែរ។
លើសពីនេះ គណៈកម្មាធិការក៏បានរុះរើសំណង់បណ្តោះអាសន្នគ្រប់ប្រភេទតាមបណ្តោយឆ្នេរសមុទ្រ ដោយជំនួសមកវិញការស្ថាបនាតូបទេសចរណ៍ ផ្លូវថ្មើរជើងប្របឆ្នេរ លម្ហសាធារណៈ បន្ទប់ទឹកអនាម័យ កន្លែងអង្គុយកម្សាន្ត និងការដាំដើមឈើបន្ថែមផងដែរ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលកំពុងមានសក្ដានុពលខ្ពស់លើគ្រប់វិស័យ ខណៈរដ្ឋកំពុងជំរុញធ្វើឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ (អានបន្ថែម)

