ជប៉ុនជួយរៀបចំ និងធ្វើទំនើបកម្ម ស្ដង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា
ជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នឹងជួយរៀបចំស្ដង់ដារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធស្រោចស្រប និងបង្កើនផលិតកម្មកសិផល។
កំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងធ្វើទំនើបកម្មស្តង់ដារប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ២០២២។
គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២២។
នៅក្រោមគម្រោងនេះ JICA នឹងជួយរៀបចំស្តង់ដារសម្រាប់សំណង់ធំៗចំនួន ២ប្រភេទ គឺសំណង់ក្បាលហុងទឹក និងប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់នានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។
- Video Advertisement -

