ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី ៦ នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៦ ដែលស្ថិតខាងមុខស្ថានីយបូមទឹកវត្តភ្នំ ឬសួនច្បារមាត់ទន្លេមុខ CDC ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ៤ សីហា កន្លងមកនេះ។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីនេះ គឺថាកាលពីមុន គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ។

ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិនេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

ប្រភពដដែលបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៤ ខែសីហា គម្រោងជំហានទី៤ ទាំងមូល សម្រេចបាន ស្ទើរតែ១០០% ហើយ។

គម្រោងនេះ រួមមាន ការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំអង្កត់ផ្ចិតចាប់ពី ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប និងសាងសង់ស្ថានីយបូមទឹកថ្មីមានសមត្ថភាពបូមទឹក១,៤ម៉ែត្រគូបក្នុង១វិនាទី។

គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២៕

- Video Advertisement -