ជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា
ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។
អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។
គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។
ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ JICA នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា វានឹងមានសារសំខាន់យ៉ាងខ្លាំងក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។
គួរបញ្ជាក់ថា ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។
ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ ដើម្បីបង្ការការដួលរលំ ផងដែរ។

